អំពើហិង្សាទ្រង់ទ្រាយធំអាចផ្ទុះឡើង ប្រទេសអឺរ៉ុបចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីនីហ្សេ

ចែករំលែក៖

នៅថ្ងៃទី ២ខែសីហា មន្ត្រីការពារជាតិបណ្តាប្រទេសអាហ្វ្រិកខាងលិច ECOWAS បានចាប់ផ្តើមកិច្ចប្រជុំនៅក្នុងប្រទេសនីហ្សេរីយ៉ា ដើម្បីពិភាក្សាពីស្ថានភាពរដ្ឋប្រហារនៅក្នុងប្រទេសជិតខាងនីហ្សេ ។ សហគមន៍ ECOWAS បានព្រមានពីការប្រើប្រាស់កម្លាំងទៅលើប្រទេសនីហ្សេប្រសិនបើទាហានធ្វើរដ្ឋប្រហារ មិនដោះលែងប្រធានាធិបតី Mohamed Bazoum ។

នៅពេលនេះដែរ ពលរដ្ឋនៅអឺរ៉ុបក៏ចាប់ផ្តើមជម្លៀសចេញពីប្រទេសនីហ្សេ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា យន្តហោះយោធាជើងដំបូងៗ ដែលជម្លៀសជនជាតិអឺរ៉ុបភាគច្រើនចេញពីប្រទេសនីហ្សេ បានចុះចតនៅទីក្រុងប៉ារីស និងទីក្រុងរ៉ូមហើយនៅថ្ងៃពុធនេះ ដោយបារាំង និងប្រទេសផ្សេងទៀតរំពឹងថា នឹងនាំពលរដ្ឋរបស់ពួកគេបន្ថែមទៀតត្រឡប់មកវិញពីប្រទេសអាហ្រ្វិកខាងលិចមួយនេះ ក្រោយពីមានរដ្ឋប្រហារយោធា។
ជើងហោះហើរដំបូងរបស់បារាំង ដឹកពលដ្ឋចំនួន ២៦២នាក់ បានចាកចេញពីប្រទេសនីហ្សេកាលពីល្ងាចថ្ងៃអង្គារ ហើយបានចុះចតនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ បារាំង នឹងបន្តដំណើរការជើងហោះហើរជម្លៀសពលរដ្ឋបន្ថែមទៀតនៅថ្ងៃពុធនេះ។ រីឯ យន្តហោះយោធាអ៉ីតាលីមួយគ្រឿង ដឹកពលរដ្ឋចំនួន ៨៧នាក់ពីប្រទេសនីហ្សេ ក៏បានទៅដល់ទីក្រុងរ៉ូមដែរ កាលពីព្រឹកថ្ងៃពុធនេះ។ នៅលើយន្តហោះនោះ មានជនជាតិអ៉ីតាលី ៣៦នាក់ ពលរដ្ឋអាមេរិក២១នាក់ ប៊ុលហ្គារី៤នាក់ អូទ្រីស២នាក់ និងពលរដ្ឋម្នាក់មកពីអង់គ្លេស នីហ្សេ ហុងគ្រី សេណេហ្គាល់ និងនីហ្សេរីយ៉ា ក៏ដូចជាបុគ្គលិកយោធាផងដែរ។
យោធាក្នុងប្រទេសនីហ្សេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) កាលពីថ្ងៃទី២៦ ខែកក្កដា ដែលជាការធ្វើរដ្ឋប្រហារលើកទី៧ក្នុងរយៈពេលតិចជាង៣ឆ្នាំ នៃតំបន់អាហ្វ្រិកខាងលិច និងកណ្តាល។ ដោយសារតែហានិភ័យនៃជម្លោះកាន់តែកើនឡើង បារាំង អ៉ីតាលី និងអេស្ប៉ាញ ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនតាមផ្លូវអាកាស៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print