ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គឺដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ ខណៈពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
-សម្តេចតេជោ ថ្លែងថា បើរាជធានីភ្នំពេញ មិនមានការរីកចម្រើនទេ យើងមិនមានការចាំបាច់ណាមួយដើម្បីបើកឱ្យមានការស្ថាបនាផ្លូវក្រវាត់ក្រុទី១,ទី២ និងទី៣ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នោះទេ។
សម្តេចតេជោ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហានានា ដោយបានទទួលយកនូវសំណង និងយល់ព្រមលក់ដីដល់អាជ្ញាធរ រហូតឈានទៅស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នេះ បានរួចរាល់ជាស្ថាបពរ។
សម្តេចតេជោ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។
សម្តេចតេជោ ថ្លែងថា ផែនការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។
សម្តេចតេជោ ថ្លែងថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។
សម្តចេតេជោ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគនបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨២,៣០ភាគរយ ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប៨៤,៥៨ភាគរយ ។
សម្តេចតេជោ ថ្លែងថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី នៃកម្ពុជាជន។
សម្តេចតេជោ ថ្លែងទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ(ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣) គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។
សម្តេចតេជោ ថ្លែងថា បុគ្គលខ្លះកុំយកប្រទេសមួយ ពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ថ្លែងថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។
សម្តេចតេជោ ថ្លែងថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។
សម្តេចតេជោ ថ្លែងថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។
សម្តេចតេជោ ថ្លែងថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។
សម្តេចតេជោ ថ្លែងថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀត ក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ថ្លែងថា បើគ្មានការប្រែប្រួលទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
សម្តេចតេជោ ថ្លែងថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២១ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
សូមជម្រាបជូនថា ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ ផុស ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕ដោយ៖ស តារា