លោក ប្រាក់ សុខុន អនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ចូលជួប , ខណៈលោក អ៊ុច បូររិទ្ធ ជួប អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់អោយដឹងថា , នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅទីស្តីការក្រសួង។

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្ដែងការគួរសមដោយលោកស្រី Bridgette L. Walker អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដើម្បីណែនាំខ្លួន ក្នុងពេលដែលលោកស្រីបានមកបំពេញការងារការទូតថ្មីនៅកម្ពុជា។

លោក អ៊ុច បូររិទ្ធ បានស្វាគមន៍លោកស្រី Walker យ៉ាងកក់ក្តៅ និងធានាថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញជូនចំពោះលោកស្រី ប្រកបដោយជោគជ័យសម្រាប់អាណត្តិរបស់លោកស្រី។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា អំពីវិស័យកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។ ក្នុងឱកាសនោះ ដោយទទួលស្គាល់ថា សហរដ្ឋអាមេរិកជាទីផ្សារដ៏ធំមួយក្នុងចំណោមប្រទេសនានាសម្រាប់កម្ពុជា ភាគីទាំងពីរបានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការលើកទឹកចិត្តឱ្យមានការវិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print