ព្យុះទីហ្វុង Khanun វាយប្រហារកោះតៃវ៉ាន់ អាជីវកម្មទាំងឡាយនិងជើងហោះហើរត្រូវលុបចោល

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា អាជីវកម្ម និងសាលារៀននៅភាគខាងជើងតៃវ៉ាន់ ត្រូវបិទជាបណ្តោះអាសន្ននាថ្ងៃព្រហស្បតិ៍នេះ ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់សិបជើង ខណៈដែលព្យុះទីហ្វុងខានុន (Khanun) បោកបក់កាត់ភាគឦសានរបស់កោះនេះ ចំពោះមុខការព្រមានអំពីទឹកជំនន់ ក៏ដូចជាខ្យល់បក់ខ្លាំង។

ការិយាល័យឧតុនិមរបស់តៃវ៉ាន់បានឱ្យដឹងថា ព្យុះ Khanun ដែលត្រូវបានចាត់ថ្នាក់ជាកម្រិតខ្យល់ព្យុះទីហ្វុងខ្លាំងបំផុតទីពីរ បានធ្វើដំណើរដោយសន្សឹមៗឆ្ពោះទៅកាន់ ឆ្នេរសមុទ្រភាគឦសាន ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមម៉ោង ៩ និង១៥នាទីព្រឹក (ម៉ោងនៅតៃប៉ិ) សន្ទុះនៃព្យុះទីហ្វុង ចម្ងាយ ៣៦០គីឡូម៉ែត្រពីទីក្រុងតៃប៉ិក្នុងសមុទ្រចិនខាងកើតកំពុងឆ្ពោះទៅទិសខាងលិចក្នុងល្បឿនប្រហែល ៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីក្រុងភាគខាងជើង រួមទាំងរដ្ឋធានីតៃប៉ិ បានបិទអាជីវកម្ម និងសាលារៀន។ ទីផ្សារជួញដូរភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ក៏ត្រូវបិទដំណើរការ បណ្តោះអាសន្នផងដែរ។ ជើងហោះហើរអន្តរជាតិជិត ៤០ត្រូវបានលុបចោល ខណៈខ្សែរត់ស្រឡាងក្នុងស្រុកត្រូវផ្អាកប្រតិបត្តិការ។ រីឯផ្លូវរត់ភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ ត្រូវបានកាត់បន្ថយ ខណៈទាហានរាប់រយនាក់កំពុងដាក់ពង្រាយដើម្បីឆ្លើយតបគ្រោះមហន្តរាយ។
ព្យុះទីហ្វុង Khanun កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុងដុកស៊ូរី (Doksuri) បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង លើភាគខាងត្បូងរបស់តៃវ៉ាន់។ បើតាមការព្យាករ ព្យុះភ្លៀងបន្ថែមទៀត នឹងបោកបក់កាត់ឆ្នេរសមុទ្រភាគខាងជើងរបសើកោះតៃវ៉ាន់ នៅល្ងាចថ្ងៃព្រហស្បតិ៍ មុនពេល ទៅដល់ភាគឦសាននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយនឹងនាំមកនូវទឹកភ្លៀងកម្រិត ០.៦មិលី្លម៉ែត្រ នៅតំបន់ភ្នំភាគកណ្តាល និង ០.៣មិលី្លម៉ែត្រ នៅលើភ្នំក្បែរទីក្រុងតៃប៉ិ៕ ដោយធីរីណា

...

រូប​ថត​:  Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print