ឃើញមនុស្សស្រីដើរម្នាក់ឯង ចុះសួរនាំត្រូវមនុស្សស្រីចាក់២កាំបិត នគរបាលម្នាក់ទៀតចូលជួយត្រូវ១កាំបិតរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល: មនុស្សស្រីម្នាក់មានស្មារតីមិនប្រក្រតីដើរតែម្នាក់ឯង ស្របពេលបុរសម្នាក់កំពុងជិះម៉ូតូលើដងផ្លូវ មានការងឿងឆ្ងល់ឈប់ម៉ូតូរួចសួរនាំ ស្រាប់តែមនុស្សស្រីខាងលើបានយកកូនកាំបិតចាក់ទៅលើបុរសជាអ្នកសួរនាំ ត្រូវចំនួន២កាំបិតរងរបួសធ្ងន់ ភ្លាមៗនោះនគរបាលស្រុកខ្សាច់កណ្ដាលម្នាក់បានចូលទៅជួយអន្តរាគមន៍ ស្រាប់មនុស្សស្រីខាងលើនោះចាក់១កាំបិតបន្ថែមទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានកើតឡើងនៅ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ចំណុច ភូមិសន្លុង ឃុំ សន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះ ឆន ម៉េងលី ភេទ ប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(របួសស្នាមមុតជ្រៅនៅលើទ្រូងខាងស្ដាំ ០១កន្លែង និងស្នាមមុតលើភ្លៅខាងឆ្វេង០១កន្លែង(បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ) ។ ២-ឈ្មោះ អៀន គឹមថេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្រ្តីនគរបាល ឋានៈ អធិការង នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួស មុតកំភួនដៃខាងឆ្វេង ០១កន្លែង) ។ ចំណែកជនសង្ស័យចំនួន០១នាក់ មនុស្សស្រីមិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ អាយុប្រហែល៣៥ឆ្នាំ សួរនាំទៅ ឆ្លើយតបទៅវិញស្តាប់មិនបាន(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក: កាំបិត ចំនួន០១។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋរាយការណ៍មក ថាមនុស្សស្រីដើរចុះឡើងៗនៅតាមចិញ្ចើមផ្លូវជាតិលេខ៨ ដល់ចំណុចកើតហេតុជនរងគ្រោះឈ្មោះ ឆន ម៉េងលី ជិះម៉ូតូមកដល់ក៏ចូលទៅនិយាយជាមួយមនុស្សស្រីនោះ ត្រូវមនុស្សស្រីនោះចាក់ត្រូវចំនួន២កាំបិតរងរបួស រួចមនុស្សស្រីនោះបានដើរសំដៅមកឃុំព្រែកតាមាក់ ពេលនោះនាយប៉ុស្តិ៍សន្លុងបានដឹកនាំកម្លាំងមកតាមមនុស្សស្រីនោះ នៅចំណុចចុងភូមិអន្លង់ ក៏បានរាយការណ៍មកជនរងគ្រោះម្នាក់ទៀតឈ្មោះ អៀន គឹមថេង ដែលជាអធិការរងជួយអន្តរាគមន៍ ពេលនោះមនុស្សស្រីនេះបានចាក់លោកអៀនគឹមថេង ០១កាំបិត ត្រូវចំកំភួនដៃខាងឆ្វេង មុតរយះរងរបួស។
ករណីនេះសត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន និងបន្តនីតិវិធី ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print