ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានធ្វេីការបង្ក្រាបបទល្មេីសជាក់ស្ដែងពាក់ព័ន្ធករណីចែកចាយប្រើប្រាស់នូវសារធាតុញៀន និងលួចមានស្ថានទម្ងន់ទោស(ធ្លាក់ផ្តួលយកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវសន្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ត្រីអាវុធហត្ថខណ្ឌដង្កោ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម រត្ន័មុន្នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីឆែកឆេរ ប៉ុន្តែជនសង្ស័យមិនបានសហការក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនតែត្រូវកម្លាំងអាវុធហត្ថធ្វើការដេញចាប់បាន និងឆែករកឃើញគ្រឿងញៀនចំនួន០១កញ្ចប់តូច(សង្ស័យជាសារធាតុញៀន) ។
ក្រោយពីសួរនាំជនសង្ស័យរួច និងដោយមានការអនុញ្ញាតពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងជំនាញបានបន្តនិតិវិធី ចុះឆែកឆេរ និងត្រួតពិនិត្យផ្ទះរបស់ជនសង្ស័យឈ្មោះ ញ៉ែម រ័ត្នមុន្នី ដែលមានទីតាំងត្រង់ចំណុចផ្លូវបេតុង ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃខែឆ្នាំដដែល ។
បន្ទាប់ពីឆែកឆេរ និង ត្រួតពិនិត្យផ្ទះជនសង្ស័យរួចមក ជនសង្ស័យបានសារភាពបន្ថែមទៀតថា ធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ធាក់ផ្តួលយកម៉ួតូ) ចំនួន ០២លើក កាលពីកំឡុងខែមេសាឆ្នាំ២០២៣ ភ្លាមនោះកម្លាំងជំនាញបានបន្តធ្វើការចាប់ខ្លួនជនសង្ស័យបានចំនួន ០២នាក់បន្ថែមទៀតរួមមាន ៖ ទី១.ឈ្មោះ ម៉ី ចាន់នុត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្តល់មធ្យោបាយ)។ ទី២.ឈ្មោះ ហួរ គឹមហុង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខណ្ឌដង្កោ បញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ