ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុមទី០៦ ភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
បេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ឃួន ហៀប ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1D-0591 បានបុកនឹងរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ប៉ៃតង ប្រភេទសណ្ដោង ពាក់ស្លាកលេខ ភ្នំពេញ 3B-1881 និងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0221 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) រត់គេចខ្លួនពីកន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរម៉ូតូចេញពីផ្លូវកៅស៊ូឆ្លងកាត់ថ្នល់ផ្លូវជាតិលេខ៥ពីលិចទៅកើត ខ្វះការប្រុងប្រយ័ត្ន ខណៈនោះស្រាប់តែរថយន្តខាងលើបើកបរពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុកនឹងម៉ូតូនោះពេញមួយទំហឹងតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើករថយន្តដើម្បីដោះស្រាយតាមនីតីវិធី និងបានយកមធ្យោបាយបង្ក និងវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី