សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ចំហាយភ្លៀងដែលនៅសេសសល់ពីព្យុះទីហ្វុងបានរសាត់ឆ្ពោះទៅភាគឦសាននៃប្រទេសចិន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេជន់ឡើងក្នុងតំបន់ហៃឡុងជាំង (Heilongjiang) នៅថ្ងៃសុក្រនេះ ចំពេលដែលបាតុភូតអាកាសធាតុដ៏អាក្រក់នេះបានវាយលុកទីក្រុងនានា រួមទាំងទីក្រុងហាប៊ីន (Harbin) ដែលជន់លិចដោយទឹកជំនន់រួចមកហើយនោះ។
នៅថ្ងៃសុក្រនេះ តំបន់ Heilongjiang ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុត្រជាក់ខ្លាំង ដែលរួមមានភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី ផ្គររន្ទះ និងខ្យល់បោកបក់នៅភាគខាងជើងតំបន់ គឺទីក្រុងឈីឈីហា (Qiqihar)។ ជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករសម្រាប់ទីក្រុងជឺស៉ី (Jixi) នៅភាគខាងលិច និងទីក្រុងមូដានជាំង (Mudanjiang) នៅភាគខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទឹកទន្លេយ៉ាលូ (Yalu) ដែលលាតសន្ធឹងលើតំបន់ Heilongjiang និងម៉ុងហ្គោលីខាងក្នុង អាចនឹងឡើងលើសពីកម្រិតព្រមាននៅយប់ថ្ងៃសុក្រនេះ។ ផ្នែកផ្សេងទៀតនៃភាគឦសានប្រទេសចិន រួមទាំងម៉ុងហ្គោលីខាងក្នុងក៏នឹងឃើញមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
Heilongjiang ដែលជាតំបន់រោងចក្រផលិតគ្រាប់ធញ្ញជាតិ គឺជាទីតាំងចុងក្រោយបំផុតដែលរងការវាយប្រហារដោយឥទ្ធិពលព្យុះទីហ្វុងដុកស៊ូរី Doksuri បណ្តាលឱ្យមានមនុស្សស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន បន្ទាប់ពីបានវាយលុកលើទីក្រុងប៉េកាំង និងទីក្រុងក្បែរៗនោះ៕ ដោយធីរីណា
រូបថត: xinhua