ភ្នំពេញ៖ កម្តៅជម្លោះជាថ្មីរវាងតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវ ពេជ្ជតា និងតារាសិចស៊ី ដេនី ក្វាន់ អាចនឹងផ្ទុះជាថ្មីក្រោយពីលេចធ្លាយសារជាសំឡេងចោទប្រកាន់ពីអ្នកនាងម៉េង កែវពេជ្ជតាថា អ្នកដែលគំរាមកំហែងនាងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគឺកញ្ញា ដេនី ក្វាន់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេបានឃើញតារាចម្រៀង ម៉េង កែវពេជ្ជ លេចចេញទំនាស់ជាពាក្យសម្តីជាហូរហែជាមួយនឹងសិល្បករ និងជនអនាមិកមួយចំនួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតតារាជើងចាស់រូបនេះបង្ហាញពីក្តីព្រួយបារម្ភអំពីសុខ សុវត្ថិភាពផងដែរ។ មិនបានប៉ុន្មាផងខ្សែអាត់សំឡេងអំពីការចោទប្រកាន់ថា អ្នកនៅពីក្រោយខ្នងនៃការគំរាមកំហែងគឺកញ្ញា ដេនី ក្វាន់ ដែលកាលពីខែមុនធ្លាប់លេចចេញជម្លោះជាពាក្យសម្តីជាមួយនាងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ។
ក្នុងខ្សែអាត់សំឡេងដែលមានរយៈពេល១នាទី អតីតតារាចម្រៀងលំដាប់កំពូលអ្នកនាង ម៉េង កែវពេជ្ជតា បានអះអាងថា ជនអនាមិកដែលបានគំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួនតាមរយៈប្រព័ន្ធហ្វេសប៊ុកកាលពីពេលកន្លងមកនោះ គឺអ្នកនាងបានដាក់ការចោទប្រកាន់ទៅលើកញ្ញា ដេនី ក្វាន់។ ក្នុងខ្សែអាត់សំឡេងនោះអ្នកនាងបានបង្ហាញពីការប្រាកដចិត្តយ៉ាងខ្លាំង ដោយបានអះអាងថា បើ ដេនី ក្វាន់ នៅតែបន្តឲ្យភ្លើងឆាបឆេះ នោះផ្លូវច្បាប់នឹងជៀសមិនផុតឡើយ។ អ្នកនាងបានអះអាងទៀតថា បើទោះជា ដេនី ក្វាន់ បានប្រើគណនីក្លែងក្លាយ ដើម្បីធ្វើការវាយប្រហារ និងគំរាមកំហែងចំពោះអ្នកនាង ដោយមិនបានបញ្ចេញអត្តសញ្ញាណក៏ដោយ ក៏សំណេរប្រមាថ និងការគំរាមកំហែងមកលើអ្នកនាង ត្រូវគេរកឃើញថា ជា ដេនី ក្វាន់ ដោយមិនអាចប្រកែកបាន។ អ្នកនាងបាននិយាយថា «ទោះបីគាត់លាក់លៀម ក៏លាក់អត់ជិតដែរណា! គេដឹងតើ គេមើលការសរសេរ គេមើលការនិយាយ គេឆែកមើលឯកសារបស់គាត់ គេអី គេដឹងតើថា គ្មានណាក្រៅពី ដេនី ក្វាន់ ទេ! ហើយនឹងបក្ខពួកគាត់នឹង ប៉ុន្តែសំខាន់ គឺដេនី ក្វាន់ ហ្នឹង ត្រូវប្រឈមមុខហើយ….. អ្វីក៏ដោយស្ថិតនៅលើនាង បើនាងចេះធ្វើឲ្យភ្លើងនឹងរលត់ ភ្លើងនឹងរលត់ បើនាងមិនធ្វើឲ្យភ្លើងនឹងមិនរលត់ឲ្យវាឆេះ គឺវាឆេះ សម្រេចតែលើគាត់ទេណា បងចាំតែតាមអ្ហេ…!»។
គេជឿជាក់ថា ការលេចធ្លាយសារជាសំឡេងនេះនឹងអាចដុតបញ្ឆះកម្តៅជាថ្មីឲ្យជម្លោះរវាងអ្នកនាងម៉េង កែវពេជ្ជតា និងកញ្ញា ដេនី ក្វាន់ឆាបឆេះរោលរាលបន្តទៀតក្រោយពីស្ងប់ស្ងាត់អស់មួយរយៈ។
ទាក់ទិនការចោទប្រកាន់នេះ កញ្ញា ដេនី ក្វាន់ បានចាត់ទុកថា អ្វីដែលអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើង គឺជាការលាបពណ៌ និងជាការបង្ខូចឈ្មោះយ៉ាងធ្ងន់ធ្ងរចំពោះខ្លួន។ ជាមួយគ្នានេះនាងទាមទារឲ្យ ម៉េង កែវពេជ្ជតា ស្វែងរកភស្ដុតាងមកការពារសម្ដីរបស់ខ្លួនឲ្យបានដាច់ខាត ដើម្បីគេចចេញពីការចោទប្រកាន់ណាមួយតាមផ្លូវច្បាប់។ នាងបានចាត់ទុកការចោទប្រកាន់នេះថាពិតជាបាន ប៉ះពាល់ធ្ងន់ណាស់ចំពោះនាងនិងគ្រួសារ។ ដេនីបញ្ជាក់ថា នាងគ្មានពេលទៅឈ្លោះជាមួយអ្នកណាដូចគាត់ទេ ចឹងរឿងនឹងអត់ចប់ទេ បើគាត់ហ៊ានចោទបែបហ្នឹង។ តារាសិចស៊ីរូបនេះ ប្រកាសឲ្យ អតីតតារាចម្រៀងកំពូល ម៉េង កែវពេជ្ជតា ចេញមុខបកស្រាយចំពោះអ្វីដែលបានលើកឡើង និងថា បើគ្រាន់តែនិយាយ ហើយគ្មានភស្ដុតាង គឺពិតជាល្អមើល ដូចគ្នាដែល ម៉េង កែវពេជ្ជតា បានបង្ខំឲ្យនាងសុំទោសជាសាធារណៈដូច្នេះដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ឃើញថា តារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រើសម្ដីអសុរសអមដោយការរិះគន់ធ្ងន់ៗទៅលើមនុស្សជាច្រើនជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូចជាការប្រតិកម្មទៅលើអ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ ទៅលើតារាចម្រៀងលោក អ៊ាម វន្នី និងធ្វើការរិះគន់យ៉ាងចាស់ដៃទៅកាន់ក្រសួងវប្បធម៌ជាដើម។ ចុងក្រោយថ្មីៗនេះនាងក៏ត្រូវគេទម្លាយថា បានផ្ទុះជម្លោះជាមួយតារាសិល្បៈជាច្រើនបន្តកន្ទុយគ្នាផងដែរ ដូចជាជាមួយតារាសម្ដែងលោក គង់ ចំរ៉ុង អ្នកនាង ខាត់ សុឃីម កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន ជាដើម៕
ដោយ៖ វឌ្ឍនា