រុស្ស៊ីនឹងជម្លៀសពលរដ្ឋនៅក្នុងភូមិទាំងមូលស្ថិតនៅតំបន់ភាគខាងកើត នៅថ្ងៃទី១១ខែសីហា ដើម្បីត្រៀមបាញ់បង្ហោះយានឡើងទៅកាន់ឋានព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងមក។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ីបានឱ្យដឹងនៅថ្ងៃចន្ទនេះថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែងនៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហា ខណៈដែលវាគឺជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មទៅឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។
យានរ៉ូបូត Luna-25 ដែលជាបេសកកម្មស្រាវជ្រាវឋានព្រះចន្ទទីមួយរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ១៩៧៦មក នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny Cosmodrome) ចម្ងាយប្រហែល ៥,៥៥០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ។ ប្រជាជនរុស្ស៉ីដែលរស់នៅក្នុងភូមិ សាកទីនស្គី (Shakhtinskyi) នៃតំបន់ខាបារ៉ូវ (Khabarovsk) ភាគអាគ្នេយ៍ពីកន្លែងបាញ់បង្ហោះយានខាងលើ នឹងត្រូវជម្លៀសនៅវេលាទៀបភ្លឺថ្ងៃទី១១ ខែសីហា ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ ដ្បិតភូមិនោះនៅត្រង់តំបន់ដែលកំណាត់ម៉ាស៉ីនជំនួយរបស់គ្រាប់រ៉ុក្កែតនឹងធ្លាក់ចុះមកចំ។
យោងតាមទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) យាន Luna-25 នឹងត្រូវចុះចតនៅតំបន់ប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ។ កម្មវត្ថុចម្បងនៃបេសកកម្មនេះ គឺការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ចុះចតយានដោយជោគជ័យនៅលើផ្ទៃព្រះចន្ទ, ការស្រាវជ្រាវសណ្ឋានផ្នែកផ្ទៃខាងក្នុងរបស់ព្រះចន្ទ និងការរុករកធនធាន រួមមានទាំងទឹកជាដើម។ វាត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការនៅលើផ្ទៃព្រះចន្ទបានរយៈពេលប្រហែល១ឆ្នាំ។
ដោយឡែក នៅប៉ុន្មានសប្តាហ៍ខាងមុខ យានរ៉ូបូតរបស់ឥណ្ឌា ឈ្មោះថា Chandrayaan-3 ក៏នឹងត្រូវធ្វើការព្យាយាមចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទផងដែរ បន្ទាប់ពីវាទើបតែបានធ្វើដំណើរទៅដល់គន្លងកៀកព្រះចន្ទ។ ប្រសិនបើជោគជ័យ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទី៤ ដែលទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូត ទៅដល់លើផ្ទៃព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) ហើយនិងចិន៕ ដោយធីរីណា
រូបថត: Reuters