ភ្នំពេញ: រថយន្ត LEXUS NX 200t មួយគ្រឿងបើកបរមិនប្រយ័ត្នបណ្ដាលឱ្យជ្រុលចង្កូតទៅបុករថយន្ត PRIUS ពីក្រោយខាងឆ្វេងធ្វើឱ្យរថយន្តTOYOTA PRIUS រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួន៣កង់ ហើយរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចំណែករថយន្ត LEXUS ឡើងលើបង្កាន់ដៃស្ពានកល់ជាប់ទៅមុខលែងរួច តែសំណាងល្អដែរដែលមិនបង្កឱ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣នៅចំណុចលើស្ពានអាកាស៧ មករាផ្នែកខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត toyota prius ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BD-8274និងរថយន្ត lexus nx- 200t ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2 BR-2986 ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើត ដោយរថយន្ត prius បើកបរនៅខាងមុខ ឯរថយន្ត lexus បើកបរនៅខាងក្រោយ លុះបើកឡើងលើស្ពានបានបន្តិច ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត lexus ជ្រុលទៅបុករថយន្ត priusពីក្រោយខាងឆ្វេងបណ្ដាលឱ្យរថយន្ត prius រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣កង់ហើយក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត lexus រេចង្កតមកខាងស្ដាំដៃជ្រុលឡើងលើបង្កាន់ដៃស្ពានកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតផ្នែកខាងមុខខាងស្ដាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ