ភ្នំពេញ : ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងតាមប្រព័ន្ធ Telegram ថា, លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមប្រជុំថ្នាក់តំបន់នៃមូលនិធិ អាកាសធាតុបៃតង ជាមួយបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក សរុប១៩២នាក់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះដែរលោក ទិន ពន្លក បានបញ្ជាក់ ថា ការប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើង និងបង្កឲ្យមាន វិបត្តិកាន់តែធ្ងន់ធ្ងរ ទៅការអភិវឌ្ឍ សេដ្ឋកិច្ច ជាពិសេសក្នុងពេលថ្មីៗនេះ ពិភពលោក កំពុងប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹក ជំនន់។ ក្នុងនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ លើ៣ ចំណុចរួមមាន៖
១) ពេលាវេលា៖ កាន់តែពន្យារពេលនៃការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ កាន់តែបង្កឱ្យមាន ហានីភ័យ អាកាសធាតុធ្ងន់ធ្ងរ។
ហិរញ្ញប្បទាន អាកាសធាតុមិនទាន់បានផ្តល់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាន់ពេល និងជាក់ស្តែងទេ។
២) ការទទួលបានការទទួលស្គាល់ពីមូលនិធិ អាកាសធាតុបៃតង និងការទទួលស្គាល់ឡើងវិញ (Reaccreditation)៖ ស្នើឱ្យសម្រួលនីតិវិធីទាំងការស្នើសុំការទទួលបាន ការទទួលស្គាល់ និងការស្នើសុំការទទួលស្គាល់ ឡើងវិញពី GCF ដើម្បីឱ្យអាចទទួលបានមូលនិធិពី GCF បានឆាប់រហ័ស។
និង ៣) GCFតាមរយៈគម្រោងត្រៀម ជួយកសាង សមត្ថភាពអាជ្ញាធរទទួលបន្ទុកជាតិ(NDA) និងស្នើឲ្យ GCF បន្តកម្មវិធីកសាង សមត្ថភាព៕
ដោយ : សហការី