ភ្នំពេញ៖ បើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៣បានកើតឡើងជាង១៥០០លើក ធ្លាក់ចុះ ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈមានករណីស្លាប់ជាង ៧០០នាក់ និងរបួសធ្ងន់ស្រាសជាង ២ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញបន្តថា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១ ៥៤៨ លើក ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧៥៦នាក់ របួស ២ ០៧២នាក់ ក្នុងនោះ រងរបួសធ្ងន់ ១ ៣៣២នាក់។
របាយការណ៍បន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ បានថយចុះចំនួន ៦១លើក ស្មើ ៤% ហើយចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០% និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧%។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIPF) ថ្លែងថា ការថយចុះនេះគឺបានបង្ហាញថាអាជ្ញាធរពាក់ព័ន្ធមានការខិតខំលើកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈយន្តការផ្សេងៗដូចជា ការផ្សព្វផ្សាយ អប់រំ ការពង្រឹងការអនុវត្តច្បាប់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការធ្វើឱ្យប្រសើរឡើងសុវត្ថិភាពយាន យន្ត និងការផ្តល់ជំនួយសង្រ្គោះបឋមបន្ទាន់ដល់ជនគ្រោះ ហើយតាមរយៈសកម្មភាពធំៗទាំងអស់នេះបាននាំមកនូវការប្រែប្រួលជាវិជ្ជាមាននៃការកើនឡើងចំណេះដឹង និងអរិយាបថអ្នកបើកបរក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍៕