រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកែប្រែ ឧទ្យានជាតិអូយ៉ាដាវ

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលសម្រេច : មាត្រា១..ត្រូវបានកែប្រែឧទ្យានជាតិអូរយ៉ាដាវ ពីផ្ទៃដីទំហំ១០១ ៣៤៨(មួយសែនមួយពាន់បីរយសែសិបប្រាំបី) ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩(មួយសែនប្រាំពាន់ដប់ប្រាំបួន)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS.1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីឧទ្យានជាតិអូរយ៉ាដាវខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១០១ ៣៤៨(មួយសែន មួយពាន់បីរយសែសិបប្រាំបី)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតឧទ្យានជាតិអូរយ៉ាដាវ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដី ទំហំ៣ ៦៧១(បីពាន់ប្រាំមួយរយចិតសិបមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

មាត្រា២ -អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖ 

– ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត 

– លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

 – រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ

ធម្មជាតិ

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

– ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិអូរយ៉ាដាវ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តរតនគិរី ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រង ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ -លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីការបង្កើត ឧទ្យានជាតិអូរយ៉ាដាវ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ -អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print