ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះបានបង្ហាញថា៖ នៅពេលអ្នកបើកបរដឹកជញ្ជូនទំនិញសំពីងសំពោង ចាំបាច់ត្រូវឈ្វេងយល់ពីរបៀបនាំមកនូវសុវត្ថិភាពនិងមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ។
ក្រសួងបានបញ្ជាក់បន្ថែមថា ការដឹកជញ្ជូនទំនិញសំពីងសំពោង (មាត្រា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥)៖
– ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបើកបរក្នុងល្បឿនយឺត ជាពិសេសនៅពេលទៅដល់ផ្លូវកោងនិងនៅពេលធ្វើការបត់ខ្លាំង។
– ការផ្ទុកទំនិញដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឱ្យលូតហួសពីគែមខាងមុខនៃរថយន្ត និងមិនត្រូវឱ្យហួសពីគែមខាងក្រោយនៃរថយន្តប្រវែង៣ម៉ែត្រ ឬធ្លាក់អូសដី។
– ប្រសិនបើបន្ទុកត្រូវលូតហួស១ម៉ែត្រពីគែមខាងក្រោយនៃរថយន្ត ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក និងទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងរថយន្តឡើយ។
ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕ដោយ៖សហការី