ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីឆោឡោជនជាតិចិន១នាក់ដៃទាំងពីរជាប់ខ្នោះនៅក មានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកថែមទៀត និងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស មានរបួសទាំងសងខាង ដើរតាមផ្លូវ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ក្រុមទី១១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះ (ជនជាតិចិន) ចំនួន ០១នាក់ ព្រមទាំងវត្តុតាង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ Huang Qiang ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងដែលដកហូតបាន នៅជាប់ខ្លួនជនរងគ្រោះមានខ្នោះដៃ ចំនួន០១ ឧបករណ៍ឆក់ ចំនួន០១ខ្សែរិតពណ៌ស ចំនួន០១ កន្សែង(ចាស់) ពណ៌ស ចំនួន០១ ។ បន្ទាប់ពីបានសាកសួរជនរងគ្រោះរួចកម្លាំងជំនាញបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡា១កន្លែងជាទីតាំងដែរក្រុមរបស់ជនសង្ស័យបានបង្ខាំងនិងធ្វើទារុណកម្មមកលើរូបគេ ស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ដោយមានការបញ្ជាដឹកនាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង និងជាតំណាង អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញបានឆែកឆេរកឃើញ និងដកហូតសម្ភារះរួមមាន អាវុធខ្លី Lock 17 (Austria) ១ដើម ពណ៌(បាញ់ថ្នាំទឹកប្រាក់) លេខ ៖ CGE538 មានគ្រាប់ប្រភេទ9mm ចំនួន០៤គ្រាប់ បង់១ និងគ្រាប់បាញ់សន្លប់ចំនួន៧គ្រាប់ ដំបងឆក់ចំនួន០១ដើម ពណ៌ខ្មៅ ខ្នោះដៃចំនួន០២គូរ ខ្សែជ័ររឹតចំនួន០១ដុំ និងឧបករណ៍ឆក់ចំនួន០១ (ខ្សែរឆក់) និង ទូរស័ព្ទដៃចំនួនចំនួន៥គ្រឿង ស្លាកលេខរយន្ត ភ្នំពេញ 2J-7518 ចំនួន០២សន្លឹក សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL 6046 ដែលត្រូវក្រុមជនសង្ស័យយកទៅទុកចោលនៅចំណតរថយន្តរបស់អគារ ឌីស៉ីវីយូស រួចគេចខ្លួន ។ លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរថយន្តម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL 6046 យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំជនស្ស័យទាំង២ រួចបន្តទៅឆែកឆេ នៅផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រកឃើញ គ្រាប់កាំភ្លើង9mm ចំនួន ១គ្រាប់ ស្លាកលេខរថយន្ត ខេមរភូមិន្ន០២ ២-១០៩៩ ចំនួន២សន្លឹក និង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចបន្តឆែកឆេរផ្ទះវិឡា១កន្លែង នៅក្នុងបុរីកំពិងរាជ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញ ស្លាកលេខ កាត់ខូចទ្រុងទ្រាយ និង ម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន និងគ្រាប់ថ្នាំពណ៌ផ្កាឈូក មួយចំនួន ។ ចំពោះម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន ទាំងអស់ត្រូវបានប្រគល់ជូន ផែនប្រឆាំងគ្រឿងញៀន បន្តនិតិវិធី ។
ជនរងគ្រោះឈ្មោះ HUANG QIANG បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០នាទី គាត់បានទាក់ទងទៅគ្រុបតេលេក្រាមឈ្មោះ ZHOA PIAN ដើម្បីរកការងារធ្វើ ភ្លាមនោះក៏មានគណនី១ (មិនចាំឈ្មោះ) បានណាត់គាត់ឲ្យជួបនៅការ៉ាសាំងមួយកន្លែង ហើយពួកគេក៏បាននាំគាត់ទៅផ្ទះកើតហេតុខាងលើដើម្បីវាយ និងជំរិតទាប្រាក់តែម្ដង ដោយមានបុរសជាជនជាតិចិនចំនួន៥នាក់ ដាក់ខ្នោះដៃគាត់ និងយកកាំភ្លើងខ្លី មកវាយក្បាលគាត់ រួមទាំងប្រើឧបករណ៍ឆក់ មកលើរូបគាត់ទៀត ។ លុះបានមួយសន្ទុះពួកគេក៏បានឃុំគាត់នៅបន្ទប់មួយ ហើយគាត់ក៏បានស្រែកអោយគេជួយ ភ្លាមនោះ ក៏មានគេមកជួយគាត់ រួចគាត់ក៏រត់ចេញមកក្រៅតែម្ដង ។ ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើ យើងអាចសន្និដ្ឋានបានថាឈ្មោះ HUANG QIANG គឺជា ជនរងគ្រោះ ក្នុងករណី បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដែលកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ០០នាទី នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។
ជនសង្ស័យទាំង០២នាក់មាន ១.ឈ្មោះ XIONG JIANG QIANG ហៅ DIAO MAO ២.
ឈ្មោះ ZHANG HUI ហៅ XIAO YI និងបក្សពួកជាសហចារីក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដែលកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ០០នាទី នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុនិង ស្នើសុំបើកការអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ពន្ធ័ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងគេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕ដោយ៖សហការី