ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងនាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះថា កាលពីរសៀលម្សិលមិញ លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទពីបទលួចមានស្ថានទម្ងន់ទោស២នាក់ បន្ទាប់ពីកម្លាំងរបស់លោកធ្វើការបង្រ្កាបកាលពីប៉ុន្មានថ្ងៃមុន នៅគ្រាដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពុំបានសម្រេច ។
លោកឧត្ដមសេនីយ៍ត្រីស្នងការរងឱ្យដឹងទៀតថា ជនជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទី១-ឈ្មោះ ងួន លីហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាន់សាសនាព្រះពុទ្ធ មុខរបរមិនពិតប្រាកដ នៅលីវ និងទី២ -ឈ្មោះ វី សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ កាន់សាសនាព្រះពុទ្ធ មុខរបរមិនពិតប្រាកដ នៅលីវ ជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស។
លោកម៉ូ លីដា ស្នងការរងបញ្ជាក់ទៀតថា ជនជាប់ចោទទាំង២នាក់(ងួន លីហុង និងវី សំណាង)បានប្រព្រឹត្តនៅចំណុចគល់ស្ពានបេតុង ស្ថិតក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយពួកគេបានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្រ្តីឈ្មោះ ឡាប សុភី អាយុ២៨ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង មិនបានសម្រេច បន្ទាប់មកកម្លាំងអន្តរាគមន៍អធិការដ្ឋាននិងប៉ុស្ដិ៍សហការគ្នាស្ទាក់បង្រ្កាបបានទាន់ពេល ៕ ដោយៈ ប៉ឹម ពិន