បន្ទាប់ពីមានបណ្តឹងពីស្ថានទូតចិន ! នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំនួន៣នាក់ ត្រូវដកបញ្ឈរជើងបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពី (ជនជាតិចិន) នៅស្ដុបវត្តស្លែង ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖

ទី១៖ លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក
ទី២៖ លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក
ទី៣៖ លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី។

ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មូលហេតុដែលមន្ដ្រីនគរបាលទាំង៣នាក់នេះ ត្រូវបានផ្អាកការងារបណ្ដោះអាសន្នដោយសារតែកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

តាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀងរាល់ម៉ោងធ្វើការ ដើម្បី កែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត ។

លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអស់លោក ដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
សូមបញ្ជាក់ថា, លិខិតបង្គាប់ការ ស្តីពី ការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print