ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋានបានអញ្ជើញចុះត្រួតពិនិត្យអង្គភាពសាលាបើកបរ ចំណុះទីចាត់ការចលនូប្បត្ថម្ភ ដែលមានទីតាំងនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងឱកាសជួបសំណេះសំណាលជាមួយនាយទាហាន យោធាចារ្យ និងសិក្ខាកាម កំពុងហ្វឹកហ្វឺនសរុបចំនួន ២៥០នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាយកទីចាត់ការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទដល់នាយទាហានជាបុគ្គលិក យោធាចារ្យ និងសិក្ខាកាមផងដែរ។
ជាមួយនោះ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យអង្គភាពសាលាបើកបរតាមការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ គឺដើម្បីបានឃើញជាក់ស្ដែងនូវហេដ្ឋារចនាសម្ព័ន្ធសាលា សេចក្ដីត្រូវការរបស់សាលា ព្រមទាំងការហ្វឹកហ្វឺនរបស់សិក្ខាកាម ក្នុងន័យពង្រឹង និងអភិវឌ្ឍការហ្វឹកហ្វឺន បណ្ដុះបណ្ដាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត។
លោកឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងសរសើរដល់ការខិតខំប្រែងកសាងសមិទ្ធផលនានារបស់សាលានាពេលកន្លងមក និងស្នើឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រងវិន័យចំពោះសិក្ខាកាមឱ្យបានល្អ សំដៅទទួលបានគុណភាពក្នុងការហ្វឹកហ្វឺន។
មានមតិផ្ដាំផ្ញើក្នុងពិធីនេះដែរ លោក ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានណែនាំឱ្យសិក្ខាកាម គោរពវិន័យ បទបញ្ជា និងយកចិត្តទុកដាក់រៀនសូត្រក្រេបយកចំណេះដឹងពីយោធារ្យ ដើម្បីបម្រើការជូនអង្គភាព និងការពារសុខ សន្តិភាពជូនជាតិមាតុភូមិរបស់យើង៕
ដោយ : សិលា