ខេត្តប៉ៃលិន : លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ពីដំណឹងមរណភាព និងសោកស្តាយ មន្ត្រីដែលជាសេនាធិការរបស់ខ្លួន មានសមត្ថភាព ចំណេះដឹងជ្រៅជ្រះ បទពិសោធន៍ការងារ ប៉ុន្តែមិនបានបញ្ជាក់អំពី មរណភាពនេះដោយសារអ្វីច្បាស់លាស់ឡើយ។
លោកស្រីអភិបាលខេត្ត បានសរសេរថា , លោក ទឺម សុធីម (Tim Sothim) ប្រធានមន្ទីរ ផែនការខេត្តប៉ៃលិន បានចាកចេញទៅចោលពួកយើង ដោយមិនបាន លាគ្នាមួយម៉ាត់ លោកជាមន្រ្តីដ៍ល្អ ជាថ្នាក់ដឹកនាំមន្ទីរដោយភាពទទួលខុសត្រូវ ម៉ត់ចត់ក្នុងជំនាញរបស់ខ្លួន លោកចូលរួមការងារសង្គមមានស្នាដៃជាច្រើន មានសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ហេតុអី មនុស្សល្អ មន្រ្តីល្អ ឆាប់ចាកចេញបែបនេះ ក្នុងនាមថ្នាក់ដឹកនាំខ្ញុំពិតជាមានការសោកស្តាយ អ្វីខ្ញុំស្តាយបំផុតនោះ ខ្ញុំបានខិតខំតវ៉ាព្រហ្មលិខិត ខិតខំស្នើសុំអង្វរ ដោះដូរយកលោកមកវិញ ពេលតវ៉ានោះមានពត៍មានមិនល្អខ្ញុំខំតវ៉ាថាមិនមែនជាពត៍មានពិត តែទោះបីយ៉ាងណា ព្រហ្មលិខិតមិនបានលើកលែងទេ តែអ្វីខ្ញុំសោកស្តាយបំផុត :
-ពេលខ្ញុំទទួលបានព័ត៌មានយឺតលោកបានធ្វើដំណើរដល់មន្ទីរពេទ្យភ្នំពេញ ដែលប្រើរយះពេលយូរដើម្បីជួយសង្គ្រោះ
ខ្ញុំគ្មានឱកាសដើម្បីជួយលោកអោយបានទាន់ពេលអោយអស់ចិត្ត ខ្ញុំតែងតែជំរាបបងប្អូនរួមការងារគ្រប់ស្រទាប់វណ្ណះជាមួយគ្នា ខ្ញំនៅទីនេះជាទីប្រឹក្សា ជាអ្នករងចាំជួយគ្នារួមទាំងសុខរួមទាំងទុក្ខជាមួយគ្នាគ្រប់ពេលវេលាត្រូវចងចាំ។
ខ្ញុំពិតជាសោកស្តាយ ខ្ញុំមិនអាចទទួលយកបានទើបខ្ញុំមិនចង់បង្ហោះសាររំលែកទុក្ខ តែអ្វីៗជាពិតនាពេលនេះ មានតែ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ទឹម សុធីម។
ក្រុមការងារយើង និងរួមគ្នា រៀបចំជូនដំណើរលោកអោយបានសមរម្យបំផុត យើងទាំងអស់គ្នា និងកត់ត្រាចងចាំនូវស្នាដៃចូលរួមការងារទាំងអស់របស់លោក ក្នុងបេះដូងយើងរហូត មិនអាចបំភ្លេចបានឡើយ ។
សូមឲ្យដួងវិញ្ញាណក្ខន្ធលោកអញ្ចើញទៅកាន់សុគតិភពទីឋាន៍សុខស្ងប់សូមជាតិមុខលោកទទួលបានអាយុវែងយឺនយូរ 🙏 ៕
ដោយ : សហការី