ភ្នំពេញ : នៅថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន ១២៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកស្រី លោក អនុប្រធាន អគ្គហេរញ្ញិក សមាជិកាគណៈកម្មាធិការកណ្តាល មន្ត្រីទីស្នាក់ការកណ្តាល និងសាខា សរុបចំនួន ១៦២នាក់។
សូមបញ្ជាក់ថា , បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ផ្នែកមនុស្សធម៌ ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ នៅក្របខណ្ឌទូទាំងប្រទេស ពេលជួបគ្រោះមហន្តរាយផ្សេងៗ ជួបការលំបាក ក្រីក្រ មានជំងឺ ។ល។ គឺមានវត្តមានមន្ត្រីកាកបាទក្រហម ចុះជួបដោយផ្ទាល់ ទាំងទីជនបទ ទីប្រជុំជន ធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានការឧបត្ថម្ភ ជាសម្ភារៈ ចំណីអាហារ ថវិកា ជាដើម ៕