សមាជិកព្រឹទ្ធសភាម្នាក់ ត្រូវបាន​ជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ ដើម្បីមើលការខុសត្រូវការបោះឆ្នោតសកល

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបច្ចុប្បន្នគឺលោក សេបាស សារីហ្វ (Shehbaz Sharif) ហើយនិងមេដឹកនាំប្រឆាំងលោក រ៉ាចា រីអាស់ (Raja Riaz) បានឯកភាពគ្នាក្នុងការតែងតាំងលោក អានវ៉ា-អ៊ូលហាក់ កាការ (Anwaar-ul-Haq Kakar) ដែលជាសមាជិកព្រឹទ្ធសភា ឱ្យធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះបណ្តោះអាសន្ន ដើម្បីមើលការខុសត្រូវលើដំណើរការបោះឆ្នោតសកល។

លោក Kakar អាយុ៥២ឆ្នាំ គឺជាអ្នកនយោបាយមកពីរដ្ឋបាឡូឈីស្ថាន (Balochistan) ភាគនិរតីប្រទេស ដែលពុំសូវល្បីឈ្មោះឡើយ។ រូបលោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្រ្តី ហើយដឹកនាំរដ្ឋាភិបាលចាំផ្ទះមួយ ដើម្បីកាច់ចង្កូតប្រទេសឆ្លងកាត់វិបត្តិសេដ្ឋកិច្ចនិងនយោបាយ រហូតទាល់តែរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសកល។
នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសប៉ាគីស្ថាន រដ្ឋាភិបាលចាំផ្ទះដែលអព្យាក្រឹតមួយ ទទួលបន្ទុកមើលការខុសត្រូវលើការបោះឆ្នោតសកល ដែលចាំបាច់ត្រូវតែធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃ ក្រោយការរំលាយរដ្ឋសភា ខណៈក្នុងករណីពេលនេះ គឺមានន័យថាវាត្រូវរៀបចំធ្វើនៅខ្ទង់ដើមខែវិច្ឆិកា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ស្ថិរភាពសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមកំពូលមួយសម្រាប់ប្រទេសប៉ាគីស្ថាន ដែលកំពុងតែស្ថិតលើផ្លូវដ៏តូចចង្អៀតមួយ ដើម្បីឆ្ពោះទៅការស្តារឡើងវិញ បន្ទាប់ពីទើបទទួលបានការជួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីបញ្ចៀសការខកខានសងបំណុលជាតិ។ យ៉ាងណាមិញ ការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្រោមកិច្ចព្រមព្រៀងជាមួយ IMF បាននិងកំពុងធ្វើឱ្យប៉ាគីស្ថាន មើលឃើញអតិផរណានិងអត្រាការប្រាក់កើនឡើងខ្ពស់ រួចស្រេចទៅហើយ។
មិនតែប៉ុណ្ណោះ ប៉ាគីស្ថានក៏ប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយផងដែរ ក្រោយការចាប់ខ្លួននិងការដាក់បម្រាមលើអតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) នាពេលថ្មីៗនេះ។ ទោះបីជាវាមិនបង្កឱ្យមានបាតុកម្មយ៉ាងហិង្សា ដូចកាលពីខែឧសភាក៏ដោយ វាច្បាស់ជានឹងបង្កឱ្យមានសំណួរមួយចំនួន ពាក់ព័ន្ធភាពគួរឱ្យជឿជាក់បាននៃការបោះឆ្នោតសកលមិនខាន៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print