ភ្នំពេញ : គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសមាជិក-សមាជិកាគណៈ មេធាវីជ្រាបថា រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចលេខ១៦សសរ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៨ ស្តីពីការបង្កើតក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ដើម្បីរៀបចំ ធ្វើវិសោធនកម្មមាត្រា៥និងមាត្រា៦នៃច្បាប់លក្ខន្តិកៈមេធាវី ក្នុងគោលបំណងឆ្លើយតបទៅនឹង លក្ខខណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដោយមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក ក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី ចំនួន៣រូប។
នាពេលនោះគណៈមេធាវីដែលមាន លោក សួន វិសាល ជាប្រធានបានចេញ សេចក្ដីសម្រេចលេខ២២៧/សសគម/១៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្តីពីការបង្កើតនិង តែងតាំងក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយមានការចូលរួមពីសមាជិក- សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៨ ហើយបានស្នើសុំធ្វើវិសោធនកម្មលើមាត្រាមួយ ចំនួនបន្ថែមលើមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍ នៃសង្គម សេដ្ឋកិច្ច ច្បាប់ និងឆ្លើយតបទៅនឹងផលវិបាកដែលកើតចេញពីការអនុវត្តជាក់ស្តែង។
មកដល់អាណត្តិរបស់ លោក លី ច័ន្ទតុលា ជាប្រធាន គណៈមេធាវីបានចេញសេចក្តី សម្រេចលេខ៥៥៣/សសគម/២១ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារ វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី១០ ដើម្បីបន្តនិរន្តរភាពការងារស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈ មេធាវីនេះ និងពិនិត្យលើចំណុចមួយចំនួននៃច្បាប់បន្ថែមទៀត ហើយបានរៀបចំកិច្ចប្រជុំ ក្រុមការងារជាបន្តបន្ទាប់។
ក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនឹងបន្តការងារពាក់ព័ន្ធជាមួយការធ្វើ វិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីនេះ ស្របតាមសេចក្តីសម្រេចលេខ៥៥៣/សសគម/២១ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីទទួលជ្រាបជាព័ត៌មាន ៕
ដោយ :សហការី