ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាយ៉ាងសកម្ម ឃាត់យកម៉ូតូ និងគំរាមសម្លាប់អ្នកគ្រូម្នាក់ នៅស្រុកបន្ទាយអំពិល កាលពីខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនបានហេីយនិងយកមកសាកសួរចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងទៀតថា ក្រោយទទួលបានព័ត៍មានភ្លាមៗ លោកបានចាត់លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការ ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ជាពិសេសក្នុងកិច្ចប្រតិបត្តិការប្រើប្រាស់នូវវិធានការជំនាញនានា និងការស្រាវជ្រាវស៊ើបអង្កេតជាប់ជាប្រចាំ បានកំណត់ពីសាវតាជាតិមុខសញ្ញាពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ឃាត់យកម៉ូតូ និងគំរាមសម្លាប់ជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ ផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសំណើគោរពស្នើសុំទៅ លោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីសុំដីកាបញ្ជាឲ្យចូលខ្លួន។
បន្ទាប់ពីបានដីកាបញ្ជាឲ្យចូលខ្លួនលេខ ០១៧ ដប.ចខ/២៣ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ចេញដោយ លោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងអនុវត្តដីកាខាងលើ ឈានទៅដល់ការឃាត់ខ្លួនជនជាប់សង្ស័យបានចំនួន ១នាក់៖
ឈ្មោះ ម៉ុក វេក (វេក) ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោងប្រហែល ០៧៖១០នាទី មានករណី ឃាត់យកម៉ូតូ និងគំរាមនឹងសម្លាប់ជនរងគ្រោះ តង់ សាឡាត់ ភេទស្រី មុខរបរគ្រូបង្រៀន ប្រព្រឹត្តនៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី១៤ ខែសីហា ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី