ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តToyota Prius មួយគ្រឿងដោយយរវល់តែឱនរេីសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកផ្លូវបណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង២និង៣នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅទល់មុខស្ថានទូតជប៉ុន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បេីករថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK -8123 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តរងការខូចខាតផែ្នកខាងមុខចំហៀងខាងស្តាំនិងវៀចកង់មុខចំហៀងខាងស្តាំ ព្រមទាំងធ្វើឱ្យអ្នកបេីកបររបួសបែកមាត់ផងដែរ ។ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ ។
តាមបញ្ចាក់ពីអ្នកបេីកបររថយន្តបង្កបានប្រាប់ថា រូបគាត់ជាប់ឈ្ងោកឱនរេីសទូរស័ព្ទ ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង ។
ក្រោយមកទេីបសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដំណោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ