ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមានោះ កម្មករ កម្មការិនីវិស័យកាត់ដេរ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ចង់ឱ្យប្រាក់ឈ្នួលអប្បបរមាដំឡើងដល់ ២១០ដុល្លារ ក្នុង១ខែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ! ។
បើតាមការឱ្យដឹងពីសហជីពមូលដ្ឋាន និងជាកម្មកររោងចក្រខាងលើនេះ លោក ប៉ែន ឈុន នៅព្រឹកថ្ងៃអង្គារទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានរំពឹងទុកដែរថា ការចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរច្រើនជាងឆ្នាំកន្លងៗទៅ ដោយសារស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរជាងមុន។ ការចចារប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ តួលេខដែលភាគីនីមួយៗ (ភាគីរដ្ឋាភិបាល សហជីព និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
ជាមួយគ្នានេះ កម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ចំនួននៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ក៏បានលើកឡើងថា ដំឡើង ១០ដុល្លារបន្ថែមនេះ ដោយសារការចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទចេះតែឡើងថ្លៃដូចគ្នា ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ រាល់ថ្ងៃនេះ ប្រសិនបើប្រាក់ឈ្នួលខ្ពស់ គួបផ្សំមានការងារថែមម៉ោងទៀតនោះ នឹងល្អប្រសើរច្រើន ដើម្បីឲ្យពួកគាត់ផ្គត់ផ្គង់ក្នុងការចំណាយ និងសល់ប្រាក់ខ្លះ ដើម្បីដោះបំណុល និងផ្ញើទៅសាច់ញាតិរស់នៅស្រុកកំណើត។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ២០០ដុល្លារអាម៉េរិក។ ក្នុងនោះគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតម្នាក់ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈានដល់៣៥០ដុល្លារ នៅក្នុងមួយខែៗ៕ ដោយ៖សហការី