ក្លិបអធិរាជស Real Madrid បានចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga ពីក្លិបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងជំនួសឱ្យអ្នកចាំទី Thibaut Courtois ជាដៃទី១របស់ Real Madrid ដែលនឹងអវត្តមានភាគច្រើននៃរដូវកាលនេះជាមួយនឹងរបួសសរសៃពួរផ្នែកខាងមុខ។
Kepa បានបង្ហាញខ្លួន១៦៣ប្រកួតឱ្យ Chelsea ចាប់តាំងពីផ្ទេរពី Athletic Bilbao ក្នុងតម្លៃ៧១លានផោនក្នុងខែសីហា ឆ្នាំ២០១៨ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់អ្នកចាំទី។ គាត់បានប្រឈមមុខនឹងការប្រកួតប្រជែងនៅឯក្លិបតោខៀវពីកីឡាករ Robert Sanchez ដែលចុះហត្ថលេខានៅរដូវក្តៅ។
កីឡាករសញ្ជាតិអេស្ប៉ាញ Sanchez ដែលមានតម្លៃខ្លួន២៥លានផោនដែលមកដល់ពី Brighton បានចាប់ផ្តើមការប្រកួតបើកឆាក Premier League កាលពីថ្ងៃអាទិត្យជាមួយ Liverpool។ Chelsea បានលក់អ្នកចាំទីអន្តរជាតិសេណេហ្គាល់Edouard Mendy ទៅឱ្យក្រុម Al-Ahli របស់ Saudi Pro League កាលពីដើមរដូវក្តៅនេះផងដែរ។
ការចាកចេញរបស់ Kepa ទុកឱ្យ Marcus Bettinelli វ័យ៣១ឆ្នាំជាអ្នកចាំទីជាន់ខ្ពស់តែមួយគត់ក្នុងក្រុមរបស់ពួកគេ រួមជាមួយនឹងLucas Bergstrom វ័យ២០ឆ្នាំ និង Eddie Beach វ័យ១៩ឆ្នាំ។
ក្រុម Real Madrid បានបើកយុទ្ធនាការរបស់ពួកគេជាមួយនឹងជ័យជម្នះ ២–០ នៅលើទឹកដីក្រុម Athletic Bilbao កាលពីថ្ងៃសៅរ៍ ជាមួយនឹងខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ដែលជាកីឡាករមកពីក្លិប Borussia Dortmund ក្នុងតម្លៃ៨៨.៥លានផោនក្នុងរដូវក្តៅនេះ ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីក្នុងជ័យជម្នះខាងលើ ៕ (រូបភាព ៖ BBC Sport)