ខេត្តកំពង់ឆ្នាំង ៖ នៅរដូវបិទនេសាទអាជ្ញាធរមាន សមត្ថកិច្ចខិតខំបង្ក្រាបបទល្មើសជាហូរហែ ប៉ុន្តែបទ ល្មើសនៅតែកើតមានជាហូរហែជាច្រើនកន្លែងផងដែរ។ ការបង្ក្រាបហាក់ដូចជា វែកចកយ៉ាងដូច្នេះដែរ។ ប្រភពខ្លះនិយាយថាសមត្ថកិច្ចនិងពួកឈ្មួញត្រូវរកគ្នាទើបមានបទល្មើសកើតឡើង។
របាំងស្បៃមុង២២កន្លែង ត្រូវបានកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សហការជាមួយសង្កាត់រដ្ឋបាលជលផលស្រុកជលគីរី និងសហគមន៍នេសាទ ចុះធ្វើការរុះរើបំផ្លាញចោល ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។
ប្រតិបត្តការនេះធ្វើឡើងពេញ១ថ្ងៃនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រងែ.កប់ចេស.និងគោកទន្សាយ ស្ថិតក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
លោកខៀវ សុផារិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទឲ្យដឹងថា ក្នុងប្រតិបត្តិការនេះផងដែរ ប្រើប្រាស់កម្លាំងជលផលសង្កាត់ជលផលស្រុកជលគីរី និងសហគមន៍គៀនតាម៉ា ដោយប្រើប្រាស់មធ្យោបាយការណូតបាឡាស្មាច់ចំនួន៣គ្រឿង ប្រើពេលមួយថ្ងៃពេញ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលបានធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុង២២ កន្លែង ប្រវែង៧០០ម៉ែត្រ លបលូស្បៃមុង២២មាត់ បង្គោលចំនួន២៥០ដើម និងបានចាក់លែងកូនត្រីល្អិតៗចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។
ប៉ុន្តែជារឿយៗក្នុងការបង្ក្រាបគេមិនដែលឃើញឃាត់ខ្លួនជនល្មើសបានម្ដងណាឡើយដោយក្រុមជនល្មើសតែងតែដឹងខ្លួនមុនជានិច្ចហើយតែងបានគេចខ្លួនបាត់ ៕ដោយ៖សុរិយា