ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣ អ៊ុយ រី មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឯសាលមហោស្រពស្ទឹងសង្កែ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ ជាតិ រៀបចំការបោះ ឆ្នោត ( គជ ប ) ។
ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីគ.ជ.ប អាជ្ញាធរ កង កម្លាំងមានសមត្ថកិច្ចគណបក្សនយោបាយ អ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជា ពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធីនិងក្រមសីលធម៌នានា សម្រាប់ការបោះ ឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរក្នុងនាមជាប្រជាជាតិ ខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ។
សម្តេច ស ខេង បានលើកឡើងថា ចាប់តាំងពីការបោះ ឆ្នោតជាតិឆ្នាំ ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ឆ្នាំ២០២៣ នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ ។
សម្តេច បានបន្តថា ការបោះឆ្នោតគ្មានប្រទេសណាមួយដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោតលើកទី៧នេះអាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀប ធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះ ឆ្នោតនេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូត ដល់៨៤,៥៩% បានចេញទៅបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់របៀបរៀបរយល្អ ហើយគណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ចាត់ទុកថាបានចូលរួមលើកទឹកចិត្តអ្នកបោះឆ្នោត បង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិប តេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឱ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន ។
លោកទេព នីថា ដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំឡើងស្របពេលដែលប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខ ស្ថិរ ភាពល្អ និងស្ថានភាពសង្គមសេដ្ឋកិច្ច ស្ថិរភាពនយោ បាយមានការវិវឌ្ឍន៍ល្អប្រសើរ ហើយដំណើរការបោះ ឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅរលូនល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ មានអត្រាអ្នកបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩% និងសម្រេចបានជោគជ័យ ទទួលបានការកោតសរសើរ គាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិ ហើយក្នុងនោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ បានចេញសេចក្តីថ្លែងការកោតសរសើរនិងគាំទ្រការបោះឆ្នោត បន្ថែមលើនេះប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះ ឆ្នោត ដោយលើកជាអាទិថា ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលំអៀង មានវិជ្ជាជីវៈតម្លាភាព ស្របតាមស្តង់ដារ អន្តរជាតិ ។
ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរីនិងយុត្តិធម៌ និងការរាប់សន្លឹកឆ្នោតដោយដៃមានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផល ពីការិយាល័យបោះឆ្នោតមកគណៈកម្មាធិការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច បញ្ជាក់ពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យទុកចិត្តបាន កត្តាទាំងនេះហើយបង្ហាញពីភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣នេះ និងបង្ហាញពីការយល់ដឹងពីភាពចាស់ទុំនិងការទទួលខុសត្រូវខ្ពស់ និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលនេះគឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យនិងការកែសម្រួលនៃការបោះឆ្នោតនៅកម្ពុជា ៕ ដោយ៖សុរិយា