ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ហ៊ុត គង់ អធិការរងខណ្ឌចំការមន ទទួលផែនការងារ ជំនាញកោសល្យវិច្ឆ័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ត្រូវបាននគរបាលជំនាញធ្វើឃាត់ខ្លួនសួរនាំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
នេះបើយោងតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ ឲ្យដឹងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឲ្យសន្លប់នៅកន្លែងកើតហេតុ៕ ដោយ៖ រ៉ារ៉ា