ខេត្តកំពត ៖ បញ្ហារំលោភយកបឹង កាប់ទន្ទ្រានព្រៃ ដែលជាបទល្មើស មិនអាចយោគយល់បាន ។ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញបញ្ជា ឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ ចំពោះបទល្មើសបែបនេះ ។
ផ្ទុយទៅវិញ នៅខេត្តកំពត ដែលគេដឹងថា អភិបាលខេត្ត ស្អប់បំផុត ការរំលោភយកបឹង រំលោភដីធ្លី ទីបំផុត បែរជាមានព័ត៌មានថា, បឹងធម្មជាតិអន្លង់ថ្ងាន់ ចាប់ពីទំនប់ភ្នំគងលាន់ លាតសន្ធឹងហួសភ្នំទឹកធំរហូតដល់ព្រំដែនវៀតណាម ស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេលួចលក់តាំងពីឆ្នាំ២០០៧ និងឆ្នាំ២០០៨អស់ទៅហើយ ទោះបីអ្នកលក់ដែលមានអំណាចដឹងថា ជាការលក់ដោយខុសច្បាប់ក្ដី ព្រោះគិតថាលុយធំជាងច្បាប់ ។
បើយោងតាមការ ផ្សព្វផ្សាយលើបណ្ដាញគេហទំព័រខ្លះ បានលើកឡើងថា, បន្ទាប់ពីមានការទិញលក់បឹងទៅឱ្យក្រុមហ៊ុនឯកជននោះ ក្រុមហ៊ុនក៍បានព្យាយាមជីកកាយដីហ៊ុមព័ទ្ធយកភ្នំតូចៗ និងភ្នំទឹកធំ ដោយធ្វើការចាក់ដីបន្ថែមពីលើផ្លូវដែលមានពីមុន របស់វត្តគោកកំបោរ ដែលនៅកៀកកិតបំផុតជាប់នឹងទល់ដែនវៀតណាម គឺមានចម្ងាយ៥០០ម៉ែត្រពីបន្ទាត់ព្រំដែន ។
លោក កៅ ទុន អាយុ៧៤ឆ្នាំ ជាមេភូមិអន្លង់ថ្ងាន់បាននិយាយរៀបរាប់ឱ្យដឹងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា ដីបឹងធម្មជាតិអន្លង់ថ្ងាន់នេះ លាតសន្ធឹងពីជើងទៅត្បូងទៅដល់ភ្នំទឹកមានចម្ងាយ៤គីឡូម៉ែត្រ ។ លោកមេភូមិនិយាយទៀតថា អាជ្ញាធរបានលក់ដីក្នុងបឹងទំហំ១០០ហិកតាទេ ក្នុងឆ្នាំ២០០៧-២០០៨ និងដីក្រៅពីនោះ ជាដីរបស់ប្រជាពលរដ្ឋ ហើយពួកគាត់ក៍លក់ឱ្យទៅក្រុមហ៊ុនអស់ហើយដែរ គឺលក់ជាបន្តបន្ទាប់ ។
មន្ត្រីសាលាស្រុកកំពង់ត្រាចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខេត្តកំពតទើបតែដឹងថា បឹងធម្មជាតិនេះ ត្រូវគេលួចលក់ពេលមកដាំកូនត្នោតនៅផ្លូវក្រវាត់ព្រំដែន នៅភូមិអន្លង់ថ្ងាន់ជិតព្រំដែនវៀតណាម ក្នុងថ្ងៃបុណ្យទិវារុក្ខា ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្ត ។ ខណៈមើលឃើញទិដ្ឋភាពដីបឹងធម្មជាតិមានការដាំបង្គោលព្រោងព្រាតលើផ្ទៃបឹង ហើយក៏ដឹងថា គេមានទាំងប្លង់ទៀត ។ មន្ត្រីរូបនោះបាននិយាយថា អាជ្ញាធរខេត្តមានគម្រោងដកហូតបឹងធម្មជាតិនេះមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋវិញ ទោះបីគេសម្អាងមានប្លង់ក៏ដោយ ។
ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ដែលមិនបានពាក់ព័ន្ធក្នុងសកម្មភាពលក់ដូរដីបឹងនេះ សូមគាំទ្រចំពោះចំណាត់ការរបស់អភិបាលខេត្ត ដែលមានគោលបំណងរឹបអូសយកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។
រឿងរ៉ាវលក់ដីបឹងធម្មជាតិក្បែរព្រំដែននេះ អាចនឹងមានទាក់ទិនដល់ក្រុមមន្ត្រីពុករលួយដែលឃុបឃិតគ្នាលក់ ។ បញ្ហាទាំងនេះ មានតែរង់ចាំមើលថា តើរឿងលក់ដីបឹងនេះ នឹងទៅជាយ៉ាងណា ? បន្ទាប់ពីមានវិធានការរឹបអូស សូមថ្នាក់ដឹកនាំ បន្តស្វែងរកមុខអ្នកទិញ និងអ្នកលក់ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
គេកំពុងតែឆ្ងល់ថា ! អភិបាលខេត្តកំពត អតីតកាល និងអភិបាលស្រុកជាង១០ឆ្នាំកន្លង ហេតុអីក៏មិនដឹងគេលក់បឹងដ៏មហាសាលនេះ ? គេដាំបង្គោលបេតុងសម្គាល់ព្រំដីក្នុងបឹងម្លឹងៗ ចេះតែសម្ងំសុខទៅកើត…ឱ!អ្នកមានអំណាចពីអតីតកាលអើយ…ឬមួយជាមន្ត្រីជើង១០ ?..។
អភិបាលខេត្តចុងក្រោយ គឺលោក ម៉ៅ ធនិន បានឃើញហើយ…នៅពេលបានឃើញ ក៏ហួសចិត្តបំផុតដែរ សង្ឃឹមថាលោកនឹងមានវិធានការក្នុងរឿងនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើឲ្យផលប្រយោជន៍សាធារណៈរបស់រដ្ឋ ៕
ដោយ : សហការី