ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មាន ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាដល់ទៅ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានធ្វើសកម្មភាព សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ពួកហាក់គេរៀបចំគម្រោងជាមុន ដោយសារមាន ការបិទមុខ ការពារចំពោះសកម្មភាពរបស់ពួកគេ កុំឱ្យសមត្ថកិច្ច និងអ្នកនៅទីនោះ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ រួចហើយនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់ឃ្លីនិក ។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។
ពាក់ព័ន្ធករណីនេះ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅមុននេះ ឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។
តាមរយៈវីដេអូ ថតតាមកាម៉ារ៉ា សុវត្ថិភាព ប្រមាណជា២នាទី ក្រុមឧក្រិដ្ឋជន ហាក់មិនបានផ្ទុះអាវុធ។
ពេលនេះសមត្ថកិច្ច កំពុងតែប្រមាញ់ រកក្រុមឧក្រិដ្ឋជន និងពិរុទ្ធជន ដែលពួកគេបានរំដោះ ។ គេមានជំនឿថា សមត្ថកិច្ចអាចមានតម្រុយ បន្ទាប់ពីមានឡាន បន្សល់ទុក និងសម្ភារៈមួយចំនួនទៀត ៕