ភ្នំពេញ ៖ បុរសជនជាតិវៀតណាម២នាក់ ផឹកស៊ីសុខៗស្រាប់តែជម្លោះពាក្យសម្តី ដោយភាគីបុរសជាជនរងគ្រោះ បានហៅភាគីជនបង្ក និងជាជនដៃដល់ឡើងទៅលើជាន់ទី៣ រួចក៏វាយប្រតាយប្រតប់គ្នាឈានដល់យកកាំបិតចាក់ ទៅលើបុរសរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យមួយកន្លែង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១៧ខែសីហាឆ្នាំ ២០២៣ ចំណុចក្នុងបុរីព្រែកតាសេក ផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពីបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសជនជាតិវៀតណាមមួយក្រុម បានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងបុរីព្រែកតាសេកមួយកន្លែង ក្រោយមកស្រាប់តែឮសូសំឡេង ប្រកែកគ្នាខ្លាំងៗ និងកើតជាជម្លោះពាក្យសម្តី ធ្វើឲ្យភាគីខាងជនរងគ្រោះបានហៅ ភាគីបុរសជនបង្កនឹងជាជនដៃដល់ ឡើងទៅជាន់ទី៣ ហើយក៏បានវាយប្រតាយប្រតប់គ្នាផ្អើលពេញក្នុងបុរី ក្រោយមកក៏ឃើញភាគីជនរងគ្រោះ បានរត់ចុះមកខាងក្រោមវិញ ដោយនៅលើដងខ្លួននឹងមុខប្រឡាក់សុទ្ធតែឈាម ហើយភា្លមនោះដែរ អ្នក់រស់នៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាម បន្ទាប់មកបានទាក់ទងទៅរថយន្តសាមុយឯកជនមួយកន្លែង ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុសន្តិសុខប្រចាំ នៅក្នុងបុរីព្រែកតាសេក រាយការណ៍ទៅថ្នាក់លើ និងសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ឃាត់បានជនដៃដល់ ចំណែកឯមនុស្សប្រុសស្រីចំនួន៨អ្នកទៀតសមត្ថកិច្ចឃាត់យកទៅសួរនាំ។ រួចសមត្ថកិច្ចយើងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសព ក្រោយពីខាងជំនាញពិនិត្យរួចក៏បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ ដោយសារតែស្នាមកំបិតចាក់មែន។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ជ្រោយពេជ្រ