ខេត្តសៀមរាប+ភ្នំពេញ : ក្រុមឧក្រិដ្ឋជនចំនួន ៦នាក់ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួន បានមកវិញហើយនៅរាជធានីភ្នំពេញ ខណៈអ្នកទោសដែលបានរំដោះទៅនោះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ ពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្តយ៉ាងយកចិត្តទុកដាក់ ដែលមិនអាចគេចរួចពីការតាមប្រមាញ់ុនេះឡើយ។
សូមបញ្ជាក់ថា, ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងក្នុងទីតាំង ២ផ្សេងគ្នា ខណៈឧក្រិដ្ឋជន ៤នាក់ឃាត់បាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅខណ្ឌបឹងកេងកង និងចំនួន២នាក់ទៀតបង្ក្រាបបាននៅព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារធំមួយកន្លែងនៅក្បែរកោះពេជ្រ។
សូមរម្លឹកថា : កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ ពិរុទ្ធជនមានឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិន ត្រូវជាប់ទោសជាប់ពន្ធនាគារ៥២ឆ្នាំពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានឧក្រិដ្ឋជនជាច្រើននាក់ស្លៀកឈុតខ្មៅ និងពាក់ស្រោមមុខ បានសម្រុកចូលគ្លីនិកធ្មេញមួយកន្លែងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ខណៈដែលមន្ត្រីពន្ធនាគារចំនួន៤នាក់ កំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ និងបានប្រើខ្សែរូតចងដៃមន្ត្រីពន្ធនាគារថែមទៀត រួចជនសង្ស័យបានចូលទៅរំដោះអ្នកទោសទៅបាត់តែម្តង។
ក្រោយរំដោះអ្នកទោសបានសម្រេច ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល រួចយកទៅប្លុងចោលក្នុងទីតាំងដីឡូតិ៍មួយកន្លែង ដោយបន្សល់កាំភ្លើង ៥ដើម និងសម្ភារធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។
ជុំវិញករណីនេះ បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់សារព័ត៌មានថា, មេខ្លោងដែលជាអ្នកទោសនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជាច្រើនទៀតប្រឹងយកចិត្តទុកដាក់លើប្រតិបត្តិការនេះ តាមជំនាញ ៕ ដោយ៖ សហការី