ឧក្រិដ្ឋជនគ្រឿងញៀន​ជនជាតិចិនតៃវ៉ាន់ម្នាក់​ ត្រូវ​បានឃាត់ខ្លួន​រួមនិង​ថ្នាំញៀនប្រភេទកេតាមីនចំនួន ៨ដុំធំ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ​របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ កម្លាំង​ជំនាញ​ បានបើកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួន​ឧក្រិដ្ឋជនម្នាក់ ជាជនជាតិចិន(តៃវ៉ាន់) ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្ទីរប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងទៀតថា​ ជនសង្ស័យមានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន (តៃវ៉ាន់) និងចាប់យកវត្ថុតាង៖សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ក្រាម និងទូរស័ព្ទ ១គ្រឿង។

មន្រ្តី​ដដែល​បន្ត​ថា​ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងវត្ថុតាងមួយចំនួន។

ក្នុងប្រតិបត្តិការនោះ​ដោយ​អនុវត្តតាមបញ្ជា របស់លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ នៅថ្ងៃទី១៩​ ខែសីហា​នេះ​ ត្រូវ​បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print