អាមេរិកព្រមានពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្រោយព្យុះបក់បោកប្រទេសម៉ិចស៉ិកនិងរដ្ឋ California

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ស្របពេលដែលព្យុះហឺរីខិនកម្រិត៤ ឈ្មោះ Hilary កំពុងសំដៅមករកឧបទ្វីប Baja California នៃប្រទេសម៉ិចស៉ិក អាជ្ញាធរអាមេរិកបានព្រមានឱ្យរដ្ឋ California បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេស អំពីគ្រោះទឹកជំនន់ ដែលអាចនឹងកើតមានឡើងក្នុងកម្រិតធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខិន NHC របស់សហរដ្ឋអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «គ្រោះទឹកជំនន់ដែលអាចគំរាមកំហែងដល់អាយុជីវិតនិងបង្កជាមហន្តរាយធ្ងន់ធ្ងរ ទំនងនឹងកើតឡើងនៅលើផ្នែកមួយភាគធំនៃឧបទ្វីប Baja California ព្រមទាំងភាគខាងត្បូងរដ្ឋ California នាអំឡុងចុងសប្តាហ៍នេះ និងឈានដល់អំឡុងដើមសប្តាហ៍ក្រោយ»។ NHC បានព្រមានពីហានិភ័យគ្រោះទឹកជំនន់ ចាប់ពីទីក្រុង San Diego និង Los Angeles ដល់ទីក្រុង Las Vegas នៅរដ្ឋ Nevada ខណៈកន្លែងប្រឈមហានិភ័យខ្ពស់ជាពិសេស គឺតំបន់ Palm Springs។
នៅខាងប្រទេសម៉ិចស៉ិកវិញ ឧបទ្វីប Baja California លាតសន្ធឹងលើរដ្ឋចំនួន២ គឺរដ្ឋ Baja California ដែលស្ថិតនៅភាគខាងជើង និងរដ្ឋ Baja California Sur ដែលស្ថិតនៅភាគខាងត្បូង។ រដ្ឋទាំង២ សុទ្ធតែបានចាត់វិធានការបង្ការផ្សេងៗរួចជាស្រេច ដើម្បីត្រៀមសម្រាប់ការមកដល់នៃព្យុះហឺរីខិន Hilary៕ ដោយធីរីណា

...

រូប​ថត​: NBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print