ភ្នំពេញ ៖ រោងចក្រសុីភែល (កែច្នៃរោមសត្វនិងស្បែកសត្វ) និងស្តុកដោយអង្កាមមួយកន្លែងនៅជាប់ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឆ្លងចរន្តភ្លេីងរហូតទុស្សេឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ នាវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ម្ចាស់រោងចក្រឈ្មោះ ZHAO MEIQING ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ។ ដោយរោងចក្រនេះជាប្រភេទសំណង់ជញ្ជាំងស័ង្កសីប្រក់ដំបូលស័ង្កសី (ទំហំ8mX25m) ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារនិងកម្ទេចអង្កាមអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ប្រភពដដែលបានបញ្ចាក់ថា ករណីអគ្គិភ័យខាងលេីនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លេីងទេីបមានការឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ចំពោះការប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យមានចំនួន១៤គ្រឿង ក្នុងនោះមានក្រុមរថយន្តពន្លត់អគ្គិភ័យ៧១១(កងពលតូចលេខ៧០)ចំនួន០៣គ្រឿង , ក្រុមរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង និងក្រុមរថយន្ដពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៤គ្រឿង ខណៈពន្លត់ចប់នៅម៉ោង១១ និង៣០នាទីថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ ភារ៉ា ដង្កោ