ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះតំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។
សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពី សម័យប្រជុំលើកដំបូង រដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ នៅមុខវិមានរដ្ឋសភា។
បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង១២៥រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ នៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះផងដែរ៕