ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បេក្ខជនជនតំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះរាជគារវកិច្ច ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងជាព្រះរាជាធិបតីក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧។
អញ្ជើញចូលរួមថ្វាយព្រះរាជគារវកិច្ច និងចូលរួមក្នុងពិធីបើកសម័យប្រជុំនាឱកាសនោះ រួមមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន និងលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនិងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភានីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។
ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះករុណាបានព្រះរាជបន្ទូលទៀតថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ព្រះអង្គបានព្រះរាជសង្កត់ធ្ងន់ថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រះអង្គក៏បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល។
សូមបញ្ជាក់ថា ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប មុនពេលព្រះអង្គស្ដេចយាងនិវត្តទៅកាន់ព្រះបរមរាជវាំងវិញ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ រួចមក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានអាយុច្រើនជាងគេ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានអាយុតិចជាងគេចំនួន៥រូបជាជំនួយការ ក៏បានបន្តដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយបានធ្វើការអនុម័តលើរបៀបវារៈចំនួន២ គឺទី១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧ ៕ដោយ៖សហការី