ភ្នំពេញ ៖ មន្ត្រីនគរបាលដែលមានប្រវត្តិប្រព្រឹត្តបទល្មើសលួច (ចោរកម្ម) ក្លាយជា បានតំណែងស្នងការរងខេត្ត កំពត ! នេះមានន័យ សំដៅលើលោក ហេង ហាប់ អត្តលេខ៧៦២៩៥ ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាស ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវបានសម្រេច តែងតាំងមុខតំណែង លើប្រកាសលេខ ៤១៦៤ ប្រក. គឺលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ជាស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពត ។ ក្នុងនោះបញ្ជាក់តាមប្រការ២ថា៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អង្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ អភិបាល នៃគណះអភិបាលខេត្តកំពត ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត និងលោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សូមជម្រាបជូនថា ៖ អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម Facebook បានសរសេររិះគន់ យ៉ាងធ្ងន់ថា ៖ លោកអនុសេនីយ៍ឯក ហេង ហាប់ មន្ត្រីនគរបាលដែលលួច IPad គេ ត្រូវបានតែងតាំងជាស្នងការរងខេត្តកំពត នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ នេះហើយ ។ ដូចដែលខ្ញុំធ្លាប់រិះគន់កន្លងមកអញ្ចឹង អោយតែមន្ត្រីមានបទល្មើស ចូលមកដល់ នាយកដ្ឋានបុគ្គលិក ស្ងាត់ៗដឹងតែឡេីងស័ក្ដិ ឡេីងតួនាទីហើយ ។
អ្នកលេង Facebook លើកឡើងទៀតថា ៖ សំខាន់មន្ត្រីរូបនេះរងការចោទប្រកាន់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទលួច តែបែជាមានឱកាសបែបនេះទៅវិញ ។
តាមរយះ Facebook បន្យថា៖ អត់យល់ទេខ្ញុំ សូមនាយកដ្ឋានបុគ្គលិក មេត្តាបំភ្លឺផង 🙏 !
អ្នកលេង Facebook បន្តជាចំងល់ និងបង្ហាញពីការហួសចិត្តថា ៖ មន្ត្រីនគរបាលដែលមានប្រវត្តិលួច ក្លាយជាស្នងការរងខេត្ត កំពត !
សូមបងប្អូននៅខេត្ត កំពត ប្រយ័ត្នប្រយែង ទ្រព្យសម្បត្តិផង 🙏
សូមរម្លឹកថា៖ ពាក់ព័ន្ធលោក ហេង ហាប់ដែលឡើងជាស្នងការរង ខេត្តកំពត ករណីលួច «អាផេត» រឿងនេះក៏អគ្គស្នងការនគរបាលជាតិ ឱ្យមានវិធានការតាមផ្លូវច្បាប់ ទើបមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនទៅតុលាការ ។ ហើយតំណាងអយ្យកា ក្រោយបញ្ចប់ការស៊ើបសួរ គឺលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹកពីបទ«លួច» តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន បានដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។ ហើយសំណុំរឿងនេះនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេច។
សូមជំរាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយសាររុំព័ទ្ធពាក្យរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
សូមបញ្ជាក់ទៀតថា៖ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង។
ការដោះលែងនេះក៏មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន និងមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀត ព្រមទាំងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទូរស័ព្ទមកជាបន្តបន្ទាប់មកកាន់អង្គភាពព័ត៌មាន ថា ៖ ហេតុអ្វីបកស្រាយ និងអនុវត្តន៍យ៉ាងដូច្នេះទៅវិញ ដែលនាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទៀតផង។ ហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ។
ទីបំផុត ! អតីតះជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ ដែលមានប្រវត្តិលួច «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយជាស្នងការរងខេត្ត កំពត ! សមទេ សម័យកំណែទម្រង់រដ្ឋបាល អោយមានតម្លាភាព ?