ភ្នំពេញ : ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានពិនិត្យ ស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ក្រោយពីបានបញ្ចូនពីមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដោយរថយន្តគិលានសង្គ្រោះទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០ នាទី ព្រឹក និង បានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាលស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយ សង្គ្រោះបន្ទាន់ និងពេលបញ្ចូនអ្នកជំងឺ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល សូមណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕