ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីក្រោមការដឹកនំារបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នេះនឹងបន្តអនុវត្តអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
សម្តេចតេជោបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នំា២០២៣ នៅវិមានរដ្ឋសភាថា៖ «រាជរដ្ឋាភិបាលថ្មីនេះពួកគេនឹងបន្តអភិក្រមនេះ។ នេះតាមការយល់ដឹងរបស់ខ្ញុំ ពីព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង»។
បើតាមសម្តេចតេជោ ទោះបីអភិក្រមទាំង៥នេះ មិនត្រូវបានដាក់ជាទ្រឹស្តី ប៉ុន្តែត្រូវអនុវត្តជាចាំបាច់ក្នុងអាណត្តិនាយករដ្ឋមន្ត្រីថ្មីនេទៅ លើមន្ត្រីណាដែលកែមិនឡើងពោលត្រូវតែវះកាត់ចេញ (ដកចេញ) បើមិនធ្វើដូច្នេះនឹងនាំឱ្យប៉ះពាល់កិកិ្តយសស្ថាប័ន។
សម្តេចតេជោ ជឿជាក់ថា មន្ត្រីក្រោមរាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងបន្តអនុវត្តជំរុញធ្វើយ៉ាងណាឱ្យអភិក្រមទាំង៥នេះឱ្យកាន់តែប្រសិទ្ធភាព។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចលាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែសម្តេចនៅតែបន្តកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សម្តេចថ្លែងថា៖ «បើបរបង់ចោលអភិក្រមទាំង៥នេះ គឺបានសេចក្តីថា យើងអត់បានដឹងអំពីចំណុចខ្សោយរបស់យើងនៅកន្លែងណាបើយើងមិនទៅឆ្លុះកញ្ចក់ តើយើងដឹងថាខ្លួនឯងមុខវាប្រឡាក់នៅកន្លែងណា។ បើមានប្រឡាក់ប្រឡុក យើងត្រូវងូតទឹក ហើយដុះក្អែល ហើយបើមានជំងឺយើងព្យាបាល ប៉ុន្តែបើព្យាបាលមិនជាទេ ហើយកាត់វាចោលហ្មងទៅ»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានអ្នកធ្វើអត្ថាធិប្បាយថា សម្តេចផ្ទេរតែតំណែងនាយករដ្ឋមន្ត្រី តែមិនបានផ្ទេរអំណាចទេ ដែលនោះជាអត្ថាធិប្បាយដ៏ងងឹតល្ងង់របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក។
សម្តេចតេជោ ថ្លែងបញ្ជាក់ថា អំណាចផ្សារភ្ជាប់នឹងមុខតំណែង គួរតែបង្រៀនដល់អ្នកធ្វើអត្ថាធិប្បាយបែបនេះថា តើសមាជិកសភាអាចអនុញ្ញាតិឱ្យចុះហត្ថាលេខាជំនួសនាយករដ្ឋមន្ត្រីទេ? តើប្រធានគណបក្សនយោបាយកាន់អំណាច គឺអនុញ្ញាតិឱ្យមានការផ្ទេរអំណាច អោយមានការចុះហត្ថាលេខាជំនួសនាយករដ្ឋមន្ត្រីទេ? សម្តេចចោទសួរថា បើសិនងងឹតល្ងង់បែបនេះ តើពេលណាទៅ អាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន?
សម្តេចតេជោ ថ្លែងក្រើនរំលឹកដាស់តឿនទៅដល់អ្នកធ្វើអត្ថាធិប្បាយ និងវិភាគបែបឡប់ៗមួយចំនួន និងជួយបង្រៀនអោយពួកគេមានការចេះដឹងច្រើនជាងនេះ ក្រែងលោមានលទ្ធភាពដើម្បីពេលណាមួយនោះ អាចថា ២០ឆ្នាំ ឬជាតិក្រោយ អាចឈ្នះគណបក្សប្រជាជនកម្ពុជាបាន៕
ដោយ : សិលា