ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។
ក្រោយពីការឆែកឆេរត្រួតពិនិត្យជាស់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំង ជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ០២ខែមកហើយ៕ ដោយ៖សហការី