សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សយ៉ាងហោចចំនួន១,១០០នាក់កំពុងតែបន្តបាត់ខ្លួននៅឡើយ ទោះរយៈពេល២សប្តាហ៍បានកន្លងផុតទៅក៏ដោយ ក្រោយភ្លើងឆេះព្រៃដ៏អាក្រក់ បានវាយប្រហារលើកោះ Maui នៃរដ្ឋ Hawaii។
ភ្លើងឆេះព្រៃខាងលើបានជាប់ឈ្មោះជាភ្លើងឆេះព្រៃដែលបានផ្តាច់ជីវិតមនុស្សច្រើនបំផុតនៅសហរដ្ឋអាមេរិក គិតក្នុងរយៈពេលប្រមាណ១ទសវត្សរ៍មកនេះ ជាមួយចំនួនអ្នកស្លាប់សរុបយ៉ាងហោចណាស់១១៥នាក់។ ក្រុងរីសតប្រវត្តិសាស្រ្ត Lahaina ដែលជាកន្លែងដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរ និងជាជម្រករបស់មនុស្ស១២,០០០នាក់ បានរងការបំផ្លិចបំផ្លាញយ៉ាងហិនហោច ហើយមនុស្សបាត់ខ្លួនខ្ទង់ពាន់នាក់ បានលេចឈ្មោះនៅតាមបញ្ជីរបស់ស្ថាប័នផ្សេងៗ រួមមានទាំងប៉ូលិស កាកបាទក្រហម និងមជ្ឈមណ្ឌលជ្រកកោន។
ប៉ូលិស FBI អាមេរិក កំពុងប្រមែប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យទាំងនោះ ហើយគិតត្រឹមថ្ងៃអង្គារ ពួកគេបានរាប់ឃើញអ្នកបាត់ខ្លួនចំនួន១,១០០នាក់ ខណៈតួលេខនេះទំនងជានឹងកើនថែមទៀត។ FBI ក៏បានស្នើសុំជំនួយពីសមាជិកគ្រួសារជនរងគ្រោះ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានបាត់បង់ជីវិតផងដែរ ដ្បិតមកទល់ឥឡូវ សាកសពតែ២៧នាក់ប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះទាំង១១៥នាក់ ត្រូវបានកំណត់អត្តសញ្ញាណ៕ ដោយធីរីណា