នៅថ្ងៃទី២៣ ខែសីហា កម្មករជិត ៣០នាក់ត្រូវបានសម្លាប់បន្ទាប់ពីបាក់ស្ពាននៅភាគឦសានប្រទេសឥណ្ឌា។ វាជាការបរាជ័យចុងក្រោយបង្អស់នៃហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សជាច្រើនក្នុងប្រទេសនេះ។
ប៉ូលិសឥណ្ឌាបាននិយាយថា ស្ពាននេះបានបាក់នៅក្នុងទីក្រុង Sairang រដ្ឋ Mizoram ប្រទេសឥណ្ឌា ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ 26នាក់និងរបួស 2 នាក់ ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការ។ អាជ្ញាធរផ្លូវដែករដ្ឋនៃប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតមួយ។
ស្ពាននេះបានបាក់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែសីហា (ម៉ោងក្នុងស្រុក) ពេលកម្មករប្រមាណ៣៥ទៅ៤០នាក់នៅកន្លែងកើតហេតុ ដែលមានចម្ងាយប្រហែល 21 គីឡូម៉ែត្រពីទីក្រុង Aizawl រដ្ឋធានីរដ្ឋ Mirozam ។
វីដេអូនិងរូបថតដែលបានបង្ហោះក្នុង Twitter បានបង្ហាញពាក់កណ្តាលនៃស្ពានបាក់ ហើយប្រែទៅជាកម្ទេចថ្មចំពេលតំបន់ភ្នំដែលមានផ្សែងហុយចេញពីកន្លែងកើតហេតុ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មន្ត្រីប៉ូលិសម្នាក់បាននិយាយថា “រហូតមកដល់ពេលនេះ សាកសពចំនួន17នាក់ត្រូវបានគេរកឃើញនៅកន្លែងកើតហតុ និងមនុស្សច្រើននាក់ទៀតនៅតែបាត់ខ្លួននៅឡើយ”។
អភិបាលរដ្ឋ Mizoram លោក Zoramthanga បាននិយាយថា “មានការសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារនៃសពទាំងអស់ និងសូមជូនពរអ្នករបួសឆាប់ជាសះស្បើយ។ ខ្ញុំសូមអរគុណមនុស្សជាច្រើនដែលបានមកជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ”។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បច្ចុប្បន្ននៅអាហ្វ្រិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ច BRICS ក៏បានចូលរួមរំលែកទុក្ខដល់អ្នកដែលបានស្លាប់នៅក្នុងការបាក់ស្ពាន និងបានប្រកាសផ្តល់សំណងដល់អ្នកស្លាប់ និងរបួសផងដែរ។
ដោយឡែក សាច់ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងការបាក់ស្ពាននេះនឹងទទួលបានសំណងជិត ២.៥០០ដុល្លារ និង៦០០ដុល្លារសម្រាប់កម្មករដែលរងរបួស៕ ដោយធីរីណា
រូបថត: Twitter