ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រិត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបង្ហាញថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ ពោលគឺលើសផែន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះតាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ នៃផែនការច្បាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្តែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។
ដោយឡែកជុំវិញការប្រមូលចំណូលនេះដែរ, ខណៈបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់ សម្គាល់ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង ក្នុងរយៈពេល ៧ ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៤៦ លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីជុំវិញបញ្ហាប្រឈមដែរថា៖ បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធ តាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ ខែនេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច បានត្រឹម ៥៧ ប៊ីលានរៀល ត្រូវជាង ១៤ លានដុល្លារ បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ សម្រេចបានជិត ៣៧ ភាគរយ ប៉ុណ្ណោះ ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជូនដំណឹង ស្តីពីការរំលឹក លើកទី ២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ ដើម្បីក្រើនរំលឹក ម្ចាស់អចលន ទ្រព្យមួយចំនួន ដែលមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។ សម្រាប់ជាវិធានការណ៍វិញ, ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កែនមុខ កត់វត្តមានរបស់មន្ត្រីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិ ភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ក្នុងស្រុក។
សូមជម្រាបថា យុទ្ធនាការនេះ គឺជាវិធានការមួយជួយពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយកម្រិតបន្ថែមទៀត សម្រាប់គាំទ្រដល់ការត្រួតពិនិត្យ ការអនុវត្តកាតព្វកិច្ច ដែលជាវិធីសាស្ត្រសម្រាប់ផ្តល់ ជាមូលដ្ឋានជាក់លាក់ និងតម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់ និងតាមដាន ការប្រកាសបង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ៕ដោយ៖សហការី