ភ្នំពេញ៖ តារាសម្តែងប្រុសល្បីឈ្មោះបួនជំនាន់ផ្សេងគ្នា នឹងរួមគ្នាសម្តែងបង្កើតទស្សនីយភាពថ្មីប្លែកមិនធ្លាប់មានក្នុងខ្សែភាពយន្តថ្មីមួយមានឈ្មោះថា រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា ។ សិល្បករដែលសំខាន់និងប្រជាជនខ្មែរជាច្រើនទន្ទឹងរង់ចាំនោះគឺអ្នកនាង អម្ពរទេវី ដែលបាត់មុខក្នុងវិស័យសម្តែងអស់ជាង ១០ឆ្នាំមកហើយនោះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា នេះ នៅសណ្ឋាគាណាហ្គាវើល ក្រោយពីផលិតកម្មថោន ប្រកាសចុះកិច្ចសន្យាជាមួយផលិតករល្បីឈ្មោះអ្នកស្រី ពាន់ភួងបុប្ផា ដែលអ្នកស្រីនឹងក្លាយជាចំណែកធនធានមនុស្សដ៏សំខាន់បន្ថែមទៀតដើម្បីជំរុញការផលិតខ្សែភាពយន្តរបស់ផលិតកម្មនេះកាន់តែប្រសើរ។
អ្នកស្រី ពាន់ភួងបុប្ផា បានបញ្ជាក់ថា សិល្បករក្មេងចាស់ប្រុសស្រី៤ជំនាន់មានដូចជាសិល្បករល្បីជំនាន់ទស្សវត្សរិ៍ទី៦០ អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី លោក ទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាង ស៊ឹម សូលីកា និងអ្នកនាង ស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី» ។
ក្រៅពីនេះទឹកដមសំឡេងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញា មាស សុខសោភា និងលោក ខេម ក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះផងដែរ។ ខ្សែភាពយន្តនេះត្រូវបានផលិតកររំពឹងថា នឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជនខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០០៣ អ្នកស្រីធ្លាប់បានធ្វើឲ្យកក្រើកវិស័យសិល្បៈភាពយន្តតាមរយៈខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយ» ហើយគ្រានេះនឹងកាន់តែពិសេសដែលជាការឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយនាសម័យបច្ចុបប្បន្ន។ អ្វីដែលពិសេសផងដែរគឺការបណ្តាក់ទុនយ៉ាងច្រើនជាមួយនឹងផលិតកម្មថោនជាមួយនឹងបច្ចេកទេស ឧបករណ៍ផលិតមានគុណភាព ដែលធ្វើឲ្យអ្នកស្រីរំពឹងថា វានឹងក្លាយជាខ្សែភាពយន្តកម្រិតស្តង់ដាខ្ពស់មួយ។
ផលិតកររូបនេះបន្តថា ខ្សែភាពយន្តនេះនឹងចាប់ផ្តើមផលិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ខាងមុខ។ អ្នកស្រីបញ្ជាក់បន្ថែមថា នៅអំឡុងខែសីហាតារាសម្តែងជើងចាស់អម្ពរទេវី នឹងធ្វើដំណើរពីសហរដ្ឋអាមេរិកដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។ អ្នកស្រីលើកឡើងដែរថា ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ ។
ក្រៅពីប្រកាសចេញថតខ្សែភាពយន្តខ្នាតធំនេះ អ្នកស្រីពាន់ ភួងបុប្ផា ក៏ប្រកាសអំពីគម្រោងថតខ្សែភាពយន្តភាគមានគុណភាពជាមួយនឹងផលិតកម្មថោនផងដែរ។ គ្រាដែលអ្នកស្រីចុះកិច្ចសន្យាជាមួយនឹងផលិតកម្មថោនរយៈពេល៥ឆ្នាំនេះ អ្នកស្រីនឹងមានខ្សែភាពយន្តភាគរួមទាំងភាពយន្តខ្នាតធំមួយចំនួននឹងត្រូវបានផលិត។ អ្នកស្រីបញ្ជាក់ថា យ៉ាងហោចណាស់មានភាពយន្តភាគ២រឿង និងភាពយន្តខ្នាតធំ២រឿងក្នុងមួយឆ្នាំៗដែលអ្នកស្រីនឹងត្រូវផលិតសម្រាប់ផលិតកម្មថោន ដែលអ្នកស្រីនៅតែប្រកាន់ជំហរមិនបង្កើតគំនិតថ្មី និងឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរមិនលួចចម្លងសាច់រឿងពីខ្សែភាពយន្តបរទេស។
លោក ប៊ុត រតនា តំណាងផលិតកម្មទីក្រុង (Town) ភាពយន្តបានបញ្ជាក់ថា ទាំងបច្ចេកទេស ឧបករណ៍ផលិតត្រូវបានត្រៀមរួចជាស្រេចដើម្បីចេញផលិតខ្សែភាពយន្តប្រកបដោយគុណភាពមួយ។ លោកបញ្ជាក់ថា វត្តមានរបស់អ្នកស្រីពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងធ្លាប់មានស្នាដៃឆ្នើមកន្លងមក និងបូកបន្ថែមលើធនធានមនុស្សល្អៗដែលមានស្រាប់លោកជឿជាក់ថា គុណាភាពនៃការផលិតរឿងនឹងកាន់តែប្រសើរ ហើយខ្សែភាពយន្តខាងលើនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដាក់បញ្ចាំង៕
ដោយ៖ វឌ្ឍនា