សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានអនុញ្ញាតឡើងវិញហើយចំពោះការវិលត្រឡប់នៃពលរដ្ឋរបស់ខ្លួន ដែលបានស្ថិតនៅឯក្រៅប្រទេស បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំប្រទល់យ៉ាងតឹងរ៉ឹងអស់រយៈពេលប៉ុន្មានឆ្នាំអំឡុងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA អាជ្ញាធរទប់ស្កាត់ជំងឺឆ្លងរបស់កូរ៉េខាងជើងបាននិយាយថា ការអនុញ្ញាតខាងលើគឺស្របតាមការសម្របសម្រួលចំពោះវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ខ្លួន ក្រោយស្ថានការណ៍កូវីដនៅទូទាំងពិភពលោកបានធូរស្បើយឡើងវិញ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពលរដ្ឋកូរ៉េខាងជើងដែលត្រឡប់ចូលប្រទេសវិញនឹងត្រូវដាក់ឱ្យស្ថិតក្រោមការតាមដានផ្នែកវេជ្ជសាស្រ្ត នៅកន្លែងចត្តាឡីស័កសម្រាប់រយៈពេល១សប្តាហ៍។
សេចក្តីប្រកាសខាងលើធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីជើងហោះហើរនៃអាកាសចរណ៍កូរ៉េខាងជើង Air Koryo មកពីទីក្រុងព្យុងយ៉ាងបានចុះចតនៅទីក្រុងប៉េកាំងនៃប្រទេសចិនជាលើកដំបូង គិតចាប់តាំងពីការបិទខ្ទប់បង្ការកូវីដ-១៩ បានចាប់ផ្តើមកាលពីឆ្នាំ២០២០មក ខណៈប្រទេសដែលឯកោផ្នែកនយោបាយនិងសេដ្ឋកិច្ចនេះគឺជាប្រទេសក្រោយគេបំផុតមួយ ដែលទើបចាប់ផ្តើមបើកព្រំប្រទល់របស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធូរស្រាល៕ ដោយធីរីណា
រូបថត: YONHAP