លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ : ទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ  និងថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង ស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ អបអរសាទរចំពោះលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកអភិសន្ដិបណ្ឌិត បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានម៉ឺងម៉ាត់ និងត្រូវថែរក្សានូវស្នាដៃចាស់ដែលមានស្រាប់ឱ្យរឹតតែមានភាពរីកចម្រើនក្នុងវិស័យកងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះដែរ លោកអភិសន្ដិបណ្ឌិត ក៏បានណែនាំបន្ថែមដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗដែលនៅសេសសល់ ដែលផ្តោតសំខាន់លើ៥ចំណុច រួមមាន៖

១.បញ្ហាគ្រឿងញៀន,

២.បញ្ហាចរាចរណ៍,

៣.អំពើឆក់ប្លន់,

៤.ការជួញដូរមនុស្ស,

៥. ក្មេងទំនើង

និង៦.បញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។

លើសពីនេះទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត ណែនាំដល់លោក រដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះ មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាលនៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស ការកង្វះមន្ត្រីបំរេីការងារ ដែលជាកម្លាំងដ៏សំខាន់នៅកៀកនឹងប្រជាពលរដ្ឋក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ក្នុងនោះផងដែរ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីជូនជាតិសម្រេចបានជោគជ័យធំៗជាច្រើនកន្លងទៅ។ លោកអភិសន្តិបណ្ឌិត បានណែនាំឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការដឹកនាំ អនុវត្តនូវតួនាទីភារកិច្ចដែលបានប្រគល់ជូនក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាលនេះ ទទួលបានលទ្ធផលជោយជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print