អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

ចែករំលែក៖

    ភ្នំពេញ÷ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថកំបូលបានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះថា មានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1DG-1728 បានរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌកំបូលបានចុះធ្វើអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ, ២-ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។

    ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ដែលបានសារភាពឱ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួកឈ្មោះ អាសេង អាណាក់ អាពៅ អាសំណាង អាសិដ្ឋ និងអ្នកផ្សេងទៀតមិនចាំឈ្មោះ ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយ ពួកខ្លួនក៏បានយកកាំបិតផ្គាក់កាប់និងយកដុំថ្មគប់ទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។

    បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print